ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល វាយប្រហារដោយទម្លាក់គ្រាប់បែក លើបរិវេណក្រុមហាម៉ាស នៅក្នុងសាលាហ្គាហ្សា សម្លាប់មនុស្សជាច្រើននាក់

Xinhua

បរទេស ៖ អ៊ីស្រាអែលបានបញ្ជាក់ថា កម្លាំងទ័ពអាកាសរបស់ខ្លួន បានវាយប្រហារសាលារៀន មួយក្នុងជំរំជនភៀសខ្លួន Nuseirat នៅភាគកណ្តាលតំបន់ Gaza Strip ដោយអះអាងថា កន្លែងជនភៀសខ្លួន ដែលមនុស្សជាច្រើននាក់ ត្រូវបានគេរាយការណ៍បានស្លាប់ ពិតជាជាកន្លែងស្នាក់នៅ ក្នុងបរិវេណក្រុមសកម្ម ប្រយុទ្ធហាម៉ាស ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣០ នាក់បានស្លាប់ និងច្រើននាក់បានរងរបួសនៅក្នុងការ វាយប្រហារ ទៅលើទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការ សហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។ នេះបើតាមប្រភពពីខាងវេជ្ជសាស្ត្រ នៅក្នុងក្រុមហាម៉ាស់ ដែលគ្រប់គ្រងដោយប៉ាឡេស្ទីន បានប្រាប់សារព័ត៌មាន ស៊ិនហួ ខណៈដែលប្រភព Reuters បានបញ្ជាក់ថា មានអ្នកស្លាប់ ២៧នាក់ ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ Gaza បានថ្កោលទោស ការវាយប្រហារនេះថា ជា “ការសម្លាប់រង្គាលដ៏គួរឱ្យភ័យខ្លាច” ដោយហៅវាថាជា “ភស្តុតាងច្បាស់លាស់ នៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្តលើជនស៊ីវិល”។

យោធាអ៊ីស្រាអែល បានទទួលស្គាល់ការវាយឆ្មក់តាមអាកាសនេះ ប៉ុន្តែបានទទូចថា ខ្លួនបានកំណត់គោលដៅលើបរិវេណក្រុមហាម៉ាស់ និងបានកម្ចាត់ “ភេរវករជាច្រើននាក់” ដោយជោគជ័យ ដែលបានគ្រោងធ្វើការវាយប្រហារ ប្រឆាំងនឹងកងទ័ពអ៊ីស្រាអែល។

យោធាអ៊ីស្រាអែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា “មួយរយៈមុននេះ យន្តហោះចម្បាំងរបស់ IAF ដឹកនាំដោយ IDF Intelligence និង ISA បានធ្វើការវាយប្រហារយ៉ាងជាក់លាក់ទៅលើបរិវេណក្រុមហាម៉ាស់ដែលបានបង្កប់នៅខាងក្នុងសាលារៀន UNRWA ក្នុងតំបន់ Nuseirat” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top