ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើតេស្ដរហ័សរកសារធាតុញៀន លើមន្ត្រីនិងមន្រ្ដីជាប់កិច្ចសន្យា ចំនួន៦៥៦នាក់ ក្នុងនោះស្រី ២០៨នាក់។
ក្នុងឱកាសនោះដែរ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងលោក ផៃ ចាន់ធី អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមពិនិត្យសកម្មភាពការធ្វើតេស្ដនេះផងដែរ។
កម្មវិធីនេះក៏មានការសម្របសម្រួលដោយលោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្រ្ដីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ។
សូមបញ្ជាក់ផងដែរថា ការធ្វើតេស្តរហ័សដើម្បីឈានទៅរកឱ្យឃើញ សារធាតុញៀន នៅក្នុងជួរមន្រ្ដីរាជការ និងមន្រ្ដីជាប់កិច្ចសន្យា គឺយោងតាមបទបញ្ជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ និងចែកចាយគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ៕