ព័ត៌មានអន្តរជាតិ

បណ្ដាប្រទេស​អាហ្វ្រិក អំពាវនាវ​ ឲ្យ​ពន្លឿន​កំណែទម្រង់​ ក្រុមប្រឹក្សាសន្តិសុខ ​អង្គការសហប្រជាជាតិ

Xinhua

អាហ្វ្រិក ៖ លោក Bankole Adeoye ស្នងការសហភាពអាហ្រ្វិក ទទួលបន្ទុកកិច្ចការនយោបាយ សន្តិភាព និងសន្តិសុខ បានសង្កត់ធ្ងន់កាលពីថ្ងៃចន្ទក្នុង ទីក្រុងអាល់ហ្ស៊ិក អំពីតម្រូវការ សម្រាប់កំណែ ទម្រង់ក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ ខណៈពេលដែលអំពាវនាវ ឱ្យមានការចរចា ក្នុងចំណោមប្រទេសអាហ្វ្រិក ដើម្បីពន្លឿនរឿង កំណែទម្រង់នេះ។

លោក Adeoye បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១១ នៃគណៈកម្មាធិការអាហ្វ្រិកនៃប្រមុខរដ្ឋ និងរដ្ឋាភិបាលចំនួន១០ ស្តីពីកំណែទម្រង់ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន APS ផ្លូវការរបស់ប្រទេសអាល់ហ្សេរី។

លោកក៏បានចង្អុលបង្ហាញអំពីអាទិភាពផ្សេងទៀតនៅក្នុងទ្វីបអាហ្រ្វិក រួមទាំងការចាំបាច់នៃការបំបិទអាវុធ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ការសម្រេច បាននូវសមាហរណកម្មទ្វីប និងការធានាឱ្យមានតំណាង កាន់តែប្រសើរឡើងនៅកម្រិតអន្តរជាតិ។

សម្រាប់ផ្នែករបស់លោកវិញ រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី លោក Ahmed Attaf បានឲ្យដឹងថា អាហ្រ្វិកចង់បានកំណែទម្រង់នៃក្រុមប្រឹក្សាសន្តិសុខ ដែលនឹងលុបបំបាត់ភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រ និងឃ្លាតឆ្ងាយពីភាពតានតឹង និងការបែកបាក់ដែលបានបិទបាំងតួនាទីរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា ភាពខ្វះខាតរបស់អាហ្វ្រិកនៅក្នុងក្រុមប្រឹក្សាសន្តិសុខប៉ះពាល់ដល់ប្រព័ន្ធអន្តរជាតិទាំងមូល។

លោក Timothy Musa Kabba រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសសៀរ៉ាឡេអូន ដែលប្រទេសរបស់ខ្លួនធ្វើជាប្រធានគណៈកម្មាធិការបានគូសបញ្ជាក់ពីភាពចាំបាច់នៃការឈានដល់ការឯកភាពរបស់អាហ្វ្រិកលើការកែទម្រង់ក្រុមប្រឹក្សា សន្តិសុខ ដោយអំពាវនាវឱ្យមេដឹកនាំអាហ្វ្រិក បង្កើនល្បឿនការចរចាសំដៅ សម្រេចបាននូវគោលបំណងនេះ។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ គណៈកម្មាធិការអាហ្វ្រិករួមមាន អាល់ហ្សេរី កុងហ្គោ អេក្វាទ័រហ្គីណេ កេនយ៉ា លីប៊ី ណាមីប៊ី សៀរ៉ាឡេអូន សេណេហ្គាល់ អ៊ូហ្គង់ដា និងសំប៊ី ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top