ព័ត៌មានអន្តរជាតិ

វៀតណាម យកសណ្ឋាគារ ១១៧សណ្ឋាគារ សម្រាប់ដាក់អ្នកសង្ស័យមានមេរោគកូវីដ១៩ ឱ្យនៅដោយឡែក

បរទេស៖ រដ្ឋបាលទេសចរណ៍ជាតិ របស់វៀតណាមបាននិយាយថា សណ្ឋាគារ រមណីយដ្ឋាន និងកន្លែងស្នាក់នៅជាច្រើនទៀត បានយល់ព្រមធ្វើជាតំបន់ដាក់ឱ្យ នៅដោយឡែកសម្រាប់អ្នកសង្ស័យថាមានជំងឺ Covid-19 ។ សណ្ឋាគារប្រហែល ១១៧ បានចុះឈ្មោះដើម្បីក្លាយជាតំបន់ ដាក់ឱ្យដាច់ដោយឡែក ដោយសណ្ឋាគារខ្លះ មិនគិតប្រាក់ និងខ្លះទៀតគិតប្រាក់ ដោយគិតត្រឹមថ្ងៃពុធ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា សណ្ឋាគារមួយចំនួនបានយល់ព្រមផ្តល់ការបញ្ចុះតំលៃទាំងបន្ទប់ និងសេវាកម្ម។

នៅ Saigon មានសណ្ឋាគារចំនួន ៩ បានចុះឈ្មោះរួមទាំងសណ្ឋាគារលំដាប់ផ្កាយ ៥ នៅសង្កាត់ Tan Binh និងរមណីយដ្ឋានមួយនៅសង្កាត់ Can Gio ដែលមានប្រហែល ៦៤១ បន្ទប់។

ទីក្រុង ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ចំពោះជនបរទេស ដោយឥតគិតថ្លៃ ប៉ុន្តែមនុស្សជាច្រើន បានស្នើសុំឱ្យស្នាក់នៅសណ្ឋាគារជំនួសវិញ ហើយបង់ប្រាក់សម្រាប់ការដាក់នេះ។

មន្ទីរទេសចរណ៍វៀតណាមបាននិយាយថា ខ្លួននឹងព្យាយាមជំរុញសហគ្រាសបម្រើសេវា ស្នាក់នៅបន្ថែមទៀត ឱ្យប្រែទៅជាតំបន់ដាក់ឱ្យនៅដោយឡែក។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រទេសវៀតណាមមានករណីសង្ស័យ Covid-19 ចំនួន ១២២ ករណី និងមនុស្សជាង ៤២.០០០ នាក់ បានវិលត្រឡប់មក ប្រទេសវៀតណាមវិញពីតំបន់ផ្ទុះជំងឺ ដែលកំពុងត្រូវបាន ឃ្លាំមើលយ៉ាងដិតដល់។ រហូតមកដល់ពេលនេះមានករណី ដែលត្រូវបានបញ្ជាក់ថាឆ្លងជំងឺ មានចំនួន ៧៦ ករណី ដែល ១៦ ករណីបានជាសះស្បើយហើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top