ព័ត៌មានអន្តរជាតិ

វៀតណាម ត្រៀមវេជ្ជបណ្ឌិត ៩០.០០០នាក់ និងគិលានុបដ្ឋាយិកា ១២៥.០០០ នាក់ សម្រាប់សង្គ្រាមជាមួយជំងឺកូវីដ១៩

បរទេស៖ ប្រទេសវៀតណាម បានត្រៀមវេជ្ជបណ្ឌិត រហូតដល់ចំនួន ៩០,០០០ នាក់ និងគិលានុបដ្ឋាយិកាចំនួន ១២៥.០០០ នាក់ និងបានប្រែក្លាយកន្លែង ជាច្រើនទៅជាតំបន់ សំរាប់ដាក់ឱ្យនៅដាច់ ដោយឡែក និងព្យាបាលអ្នកជំងឺ Covid-19 ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គិតត្រឹមថ្ងៃពុធ គ្រូពេទ្យ ៩០.០០០ នាក់ និងគិលានុបដ្ឋាយិកា ១២៥.០០០ នាក់នៅទូទាំងប្រទេស ត្រូវបានគេដាក់ពង្រាយ ក្នុងករណីដែលប្រទេសវៀតណាម មើលឃើញមានការកើនឡើងនៃអ្នកជំងឺ Covid-១៩ ។

មន្រ្តីនិយាយថា បើចាំបាច់និស្សិតពេទ្យ ក៏នឹងចូលរួមជាកម្លាំង ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ផងដែរ។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ង្វៀន ទ្រុងសុន បាននិយាយកាលពីថ្ងៃអង្គារថា “សិស្សជាន់ខ្ពស់នៃសាលាវេជ្ជសាស្ត្រ នឹងត្រូវបានបណ្តុះបណ្តាលសម្រាប់ភារកិច្ច នៃការយកសំណាក សម្រាប់ការធ្វើតេស្តរកវីរុស, ការដាក់អ្នកជំងឺដែលសង្ស័យ ឱ្យនៅដាច់ដោយឡែកពីគេ និងផ្តល់ជំនួយដល់គ្រូពេទ្យ និងគិលានុបដ្ឋាយិកា” ។

លោកបាននិយាយថា គ្រូពេទ្យនិងគិលានុបដ្ឋាក ដែលចូលនិវត្តន៍ ក៏ត្រូវបានគេហៅឱ្យជួយផងដែរ ប្រសិនបើចាំបាច់។

លោកនាយករដ្ឋមន្រ្តី ង្វៀន ស៊ុនហ្វុក បាននិយាយកាលពីថ្ងៃអង្គារថា មន្ទីរពេទ្យគ្រប់កម្រិត, យោធានិងកម្លាំងប៉ូលីស ត្រូវតែរៀបចំខ្លួនដើម្បីឱ្យពួកគេអាចចូលបម្រើការបានឆាប់រហ័ស៕

ប្រែសម្រួលៈ ណៃ តុលា

To Top