ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការណែនាំដល់ម្ចាស់អាជីវកម្ម កំពង់ចម្លងទាំងអស់ និងម្ចាស់នាវា-ទូកដឹកជញ្ជូនគ្រប់ប្រភេទ អំពីការពង្រឹងវិធានការសុវត្ថិភាព និងការរក្សា សុវត្ថិភាពនាវា-ទូកចម្លង។
យោងតាមសារាចរណែនាំរបស់ ក្រសួងសាធារណការ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា «អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹកនៃព្រះរាជាណាចក្រកម្ពុជា និងឆ្លើយតបនឹងស្ថានភាពដែលអាចកើតមានជាយថាហេតុនូវគ្រោះថ្នាក់ក្នុងការធ្វើដំណើរតាមនាវា ឬទូក ជាពិសេស កើតមានជាយថាហេតុនូវគ្រោះថ្នាក់ក្នុងការធ្វើ នៅក្នុងរដូវវស្សាដែលស្ថានភាពអាកាសធាតុមានការប្រែប្រួល និងតែងតែកើតមានជាញឹកញាប់នូវព្យុះ ភ្លៀង ខ្យល់កន្ត្រាក់ និងចរន្តទឹកហូរខ្លាំង ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការណែនាំដល់ម្ចាស់អាជីវកម្ម កំពង់ចម្លងទាំងអស់ និងម្ចាស់នាវា-ទូកដឹកជញ្ជូនគ្រប់ប្រភេទ អំពីការពង្រឹងវិធានការសុវត្ថិភាព និងការរក្សា សុវត្ថិភាពនាវា-ទូកចម្លង»។
ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើដល់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដាន និងណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លង និងនាវា-ទូកលក្ខណៈគ្រួសារ ដែលកំពុងធ្វើអាជីវកម្មនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួនឱ្យប្រកាន់ខ្ជាប់វិធានសុវត្ថិភាព នៅពេលធ្វើប្រតិបត្តិការចម្លង ឬដឹកជញ្ជូនផ្សេងៗ៕