បរទេស៖ លោក Aleksandr Bortnikov នាយកសេវាសន្តិសុខ សហព័ន្ធរុស្ស៊ី (FSB) បាននិយាយថា អំពើភេរវកម្ម និងការបំផ្លិចបំផ្លាញសរុបចំនួន ១៣៤ ត្រូវបានរារាំង នៅកណ្តាលប្រទេសរុស្ស៊ី ចាប់តាំងពីការផ្ទុះឡើង នៃជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Bortnikov បានប្រកាសកាលពីថ្ងៃអង្គារក្នុងអំឡុងពេលកិច្ចប្រជុំនិម្មិតនៃគណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្ម (NAC)ថា ទីភ្នាក់ងារសន្តិសុខរបស់ប្រទេស ក៏បានទប់ស្កាត់សកម្មភាព នៃកោសិកាភេរវករអន្តរជាតិចំនួន ៣២ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មក ។
លោកបានបន្ថែមថា ក្រុមដែលលោកបាន និយាយគឺភាគច្រើនជាក្រុមជនចំណាកស្រុកមកពីអាស៊ីកណ្តាល កំពុងរៀបចំផែនការវាយប្រហារលើហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗ និងលើតំបន់នៃការប្រមូលផ្តុំដ៏ធំ។
ប្រធាន FSB បាននិយាយទៀតថា “ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និង បណ្តាប្រទេសណាតូផ្សេងទៀត អ៊ុយក្រែនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរៀបចំការ វាយប្រហារភេរវកម្ម និងការបំផ្លិចបំផ្លាញលើទឹកដីរុស្ស៊ី ដោយព្យាយាមធ្វើឱ្យការគាំទ្រ ផ្នែកភស្តុភារសម្រាប់យោធារុស្ស៊ីចុះខ្សោយ និងបង្កឱ្យមានការភិតភ័យដល់ប្រជាជន”។ នេះបើយោងតាមសេចក្តី ថ្លែងការណ៍របស់ NAC ៕
ប្រែសម្រួលៈ ណៃ តុលា