ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីនគរបាលចរាចរណ៍ចំនួន២នាក់ ឈរជើងនៅគោលដៅស្តុបផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ មកសួរនាំពាក់ព័ន្ធឃាត់ម៉ូតូ១គ្រឿង កំពុងបើកបរគ្មានបទល្មើសច្បាប់។ នេះយោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ មិថុនា។
បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មានដែលបង្ហោះលើបណ្តាញសង្គម នៅថ្ងៃទី១២ មិថុនា ពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅខាងលើ កាក់ហៅម៉ូតូប្រជាពលរដ្ឋ ១គ្រឿងកំពុងបើកបរគ្មានបទល្មើស ដែលនាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមន្រ្តី២នាក់មកសួរនាំ រកមូលហេតុ៕


