ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិនមានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះផែនការរបស់សហភាពអឺរ៉ុប ក្នុងការដាក់ពន្ធបណ្តោះអាសន្ន លើការនាំចូលរថយន្តអគ្គិសនីរបស់ចិន (EVs) ដោយកត់សំគាល់ថា ការផ្លាស់ប្តូរនេះបានមិនអើពើនឹងការពិត និងច្បាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម (MOC) បានឲ្យដឹងថា ភាគីសហភាពអឺរ៉ុប បានព្រងើយកន្តើយនឹងការជំទាស់ខ្លាំង ម្តងហើយម្តងទៀតរបស់ប្រទេសចិន ក៏ដូចជាការអំពាវនាវ និងការរំខានពីរដ្ឋាភិបាល និងឧស្សាហកម្មនៅក្នុងរដ្ឋ ជាសមាជិកសហភាពអឺរ៉ុប។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា “ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំង និងមានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍នេះ។ ឧស្សាហកម្មពាក់ព័ន្ធរបស់ប្រទេសចិន មានការខកចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ” ។
អ្នកនាំពាក្យរូបនេះបានបន្ដថា ការរកឃើញដោយភាគីអឺរ៉ុប នៅក្នុងការលាតត្រដាងមុននេះ ខ្វះទាំងមូលដ្ឋានការពិត និងផ្នែកច្បាប់ ដោយបន្ថែមថា គណៈកម្មការអឺរ៉ុប មិនបានអើពើនឹងការពិតដែលថា គុណសម្បត្តិរបស់ឧស្សាហកម្ម EV របស់ចិនកើតចេញពីភាពបើកចំហ និងការប្រកួតប្រជែង។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា គណៈកម្មការអឺរ៉ុបក៏បានមិនគោរពច្បាប់របស់ WTO ហើយបានបរាជ័យក្នុងការទទួលស្គាល់ កិច្ចសហប្រតិបត្តិការពេញលេញ របស់សហគ្រាសចិន ដែលពាក់ព័ន្ធក្នុងអំឡុងពេលស៊ើបអង្កេត។
គណៈកម្មការអឺរ៉ុប តាមរយៈការបង្កើត និងបំផ្លើសតាមអំពើចិត្តលើ “ធាតុឧបត្ថម្ភធន” របស់ប្រទេសចិន ក៏ដូចជាការបំពានលើ “ការពិតដែលមាន” បានសម្រេចថា ប្រទេសចិន បានផ្តល់ការឧបត្ថម្ភធនក្នុងកម្រិតខ្ពស់ហួសហេតុ ៕
ប្រែសម្រួល ឈូក បូរ៉ា