ភ្នំពេញ ៖ តាមសេចក្ដីរាយការណ៍ ពីមន្ត្រីសាលាដំបូងខេត្តព្រៃវែង កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ គឺបានប្រទះឃើញគ្រាប់សេសសល់ ពីសម័យសង្គ្រាម រាប់ពាន់គ្រាប់ត្រង់ចំណុច បរិវេណអង្គភាពសាលាដំបូងខេត្តព្រៃវែង។
គ្រាប់សេសសល់ ពីសម័យសង្គ្រាមទាំងនោះ ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ិត ហាន ស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង សហការជាមួយមន្ត្រីបច្ចេកទេស នៃអង្គការកំម្ចាត់មីន ( Halo Trust កម្ពុជា) កម្លាំងការិយាល័យជំនាញ បានចុះត្រួតពិនិត្យ និងសហការរុករកសំណល់ជាតិផ្ទុះ ដែលបានសេសសល់ពីសម័យសង្គ្រាម។
គួរបញ្ជាក់ថា គ្រាប់ដែលសេសសល់ពីសម័យសង្គ្រាម ត្រូវបានគេប្រទះឃើញក្នុងបរិវេណសាលាដំបូងខេត្តព្រៃវែង ដែលមានគ្រាប់សរុបចំនួន ៦៥១០គ្រាប់ ដែលមានប្រភេទគ្រាប់ Ak47 ចំនួន ៧៥០គ្រាប់-ប្រភេទគ្រាប់ AR15 ចំនួន១៦៦០គ្រាប់ និងប្រភេទគ្រាប់ RPK មានចំនួន៤១០០គ្រាប់ ។
បច្ចុប្បន្ន គ្រាប់ទាំងអស់ខាងលើត្រូវបាន កម្លាំងនគរបាលជំនាញ នាំយកទៅប្រគល់ជូន មន្ត្រីបច្ចេកទេសអង្គការកម្ចាត់មីន (HaloTrust កម្ពុជា) រួចរាល់ ៕