ព័ត៌មានអន្តរជាតិ

អឺរ៉ុប ពិន័យហុងគ្រីជាង២០០លានដុល្លារ ដោយសារមិនទទួលយកជនភៀសខ្លួន

RT News

បរទេស៖ រដ្ឋាភិបាលហុងគ្រីត្រូវបានតុលាការយុត្តិធម៌អឺរ៉ុប (ECJ) បង្គាប់ឱ្យបង់ប្រាក់ ២០០ លានអឺរ៉ូ (២១៦ លានដុល្លារ) សម្រាប់ការខកខានមិនបានអនុវត្តតាមច្បាប់សិទ្ធិជ្រកកោនរបស់សហភាពអឺរ៉ុប។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ថែមពីលើការពិន័យម្តងរួចមក តុលាការដែលមានមូលដ្ឋាននៅប្រទេសលុចសំបួ ក៏បានសម្រេចថា ទីក្រុង Budapest ត្រូវបង់ប្រាក់ចំនួន ១ លានអឺរ៉ូក្នុងមួយថ្ងៃ រហូតដល់ប្រទេសនេះអនុវត្តបានពេញលេញនូវច្បាប់នេះ។ នាយក​រដ្ឋមន្ត្រី​ហុងគ្រី លោក Viktor Orban បាន​រិះគន់​សេចក្តី​សម្រេច​នេះ​ថា​ជា​ការ​ហួសចិត្ត និង​មិន​អាច​ទទួល​យក​បាន។

លោក Orban បានសរសេរនៅក្នុងការបង្ហោះនៅលើ X (អតីត Twitter) ដោយអះអាងថា ហុងគ្រីត្រូវបានបញ្ជាឱ្យបង់ប្រាក់រាប់លានសម្រាប់ការពារព្រំដែនរបស់ខ្លួនថា “វាហាក់ដូចជាជនចំណាកស្រុកខុសច្បាប់មានសារៈសំខាន់ចំពោះការិយាល័យរបស់ទីក្រុងព្រុចសែល ជាងពលរដ្ឋអឺរ៉ុប”។

ជម្លោះនេះមានតាំងពីខែធ្នូ ឆ្នាំ២០២០ នៅពេលដែលតុលាការកំពូលរបស់សហភាពអឺរ៉ុបបានសម្រេចជាលើកដំបូងថាទីក្រុង Budapest មានកម្រិតសិទ្ធិទទួលបានសិទ្ធិជ្រកកោនសម្រាប់អ្នកដែលស្វែងរកការការពារអន្តរជាតិនៅក្នុងប្រទេស ដែលធ្វើអោយដំណើរការនៃការដាក់ពាក្យស្នើសុំ “មិនអាចទៅរួចទេ” ។

កាលនោះ តុលាការក៏បានសម្រេចថា អាជ្ញាធរហុងគ្រីកំពុងរក្សាអ្នកស្វែងរកសិទ្ធិជ្រកកោនដោយខុសច្បាប់នៅក្នុង “តំបន់ឆ្លងកាត់” ក្រោមលក្ខខណ្ឌដែលស្មើនឹងការឃុំខ្លួន ក៏ដូចជាការរំលោភសិទ្ធិរបស់ពួកគេក្នុងការប្តឹងតវ៉ា។

នៅក្នុងសាលក្រមចុងក្រោយនេះ តុលាការបានទទួលស្គាល់ថា ទីក្រុង Budapest បានបិទ “តំបន់ឆ្លងកាត់” ប៉ុន្តែបានពង្រឹងច្បាប់ដើម្បីរារាំងអ្នកដាក់ពាក្យសុំសិទ្ធិជ្រកកោននាពេលអនាគត។ ECJ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការខកខានក្នុងការបំពេញកាតព្វកិច្ចជាការរំលោភបំពានដែលមិនធ្លាប់មានពីមុនមក និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរជាពិសេសចំពោះច្បាប់របស់សហភាពអឺរ៉ុប៕ ប្រែសម្រួលៈ ណៃ តុលា

To Top