ព័ត៌មានជាតិ

ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវ:លើកទី៧ បើកជាផ្លូវការក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដែលត្រូវបានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និងសន្និបាតកោះពេជ្រ។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៤នេះ ជាទិវាលើកទី៧ហើយ ដែលទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈត្រូវបានប្រារព្វធ្វើឡើងថ្នាក់ជាតិនៅរាជធានីភ្នំពេញ និងថ្នាក់ក្រោមជាតិនៅគ្រប់ខេត្តទូទាំងប្រទេស។ ទិវានេះក៏មានការដាក់តាំងបង្ហាញនូវពិព័រណ៍មុខជំនាញ សមិទ្ធផល ស្នាដៃ ខ្សែសង្វាក់ផលិតកម្ម និងការធ្វើតេស្តវាយតម្លៃសមត្ថភាព ដើម្បីជំរុញនិងលើកទឹកចិត្តឱ្យមហាជនចូលរួមអនុវត្ត ក្នុងការវាយតម្លៃទទួលស្គាល់សមត្ថភាព តាមរយៈប្រព័ន្ធវាយតម្លៃទទួលស្គាល់ការសិក្សាដែលមានពីមុនព្រមទាំងចែករំលែកចំណេះដឹង បទពិសោធន៍ ព័ត៌មានអំពីការសិក្សា និងតម្រូវការទីផ្សារការងារពីសំណាក់វាគ្មិនសំខាន់ៗ បង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលបំពេញគ្នាទៅវិញទៅមកឱ្យស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា។

លោករដ្ឋមន្ត្រីបន្តថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាស្ពានចម្លង ដែលមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លី មធ្យម និងវែងទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត ដែលមានប្រសិទ្ធភាពឆាប់រហ័សឆ្ពោះទៅរកការងារ និងជាផ្លូវដែលអាចឱ្យសិស្សបន្តការសិក្សាបាន និងអាចបំពេញការងារបានក្នុងពេលតែមួយ ដើម្បីស្វែងរកចំណូលចូលរួមចំណែកក្នុងការគាំទ្រសេដ្ឋកិច្ចគ្រួសារ។

ថ្លែងនៅក្នុងពិធីបើកជាផ្លូវការនេះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៧ គឺជាព្រឹត្តិការណ៍ និងចលនាជាតិមួយយ៉ាងសំខាន់ក្នុងលើកកម្ពស់រវាងរដ្ឋ និងឯកជន និងដៃគូអភិវឌ្ឍនានា ដើម្បីជំរុញផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង និងការលើកទឹកចិត្តដល់យុវជន សិស្ស មាតា បិតា អាណាព្យាបាល និយោជក និយោជិត ព្រមទាំងសាធារណជនទូទៅ ឱ្យចូលរួមកាន់តែច្រើន និងសកម្ម លើការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

លោកឧបនាយករដ្ឋមន្រ្តីរំពឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៧ នឹងក្លាយជាកាលានុវត្តន៍ភាពយ៉ាងសំខាន់ថ្មីមួយទៀតក្នុងការបង្កើនប្រាក់ចំណូល ការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ ជូនដល់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥ លាននាក់។ ក្នុងនោះដែរ ការបណ្តុះបណ្តាលជំនាញទៅដល់យុវជននេះត្រូវស្របតាមអភិក្រមរបស់សម្តេចធិបតីគឺ រៀនឱ្យចប់ ឲ្យចេះ ឱ្យមានការងារធ្វើ។ ការបណ្តុះបណ្តាលនេះគឺធ្វើយ៉ាងណាឱ្យពលរដ្ឋកម្ពុជា យុវជន យ៉ាងហោចណាស់មានជំនាញមួយច្បាស់លាស់ប្រចាំជីវិត​។

គួរបញ្ជាក់ផងដែរថា ទិវាជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈលើកទី៧នេះ មានការរៀបចំការតាំងបង្ហាញស្នាដៃ ឱកាសសិក្សាជំនាញ ឱកាសការងារ ការធ្វើតេស្តវាយតម្លៃសមត្ថភាព និងមានស្តង់ពិព័រណ៍ចំនួន ១២៥ ដោយមាន​ការចូលរួមពីស្ថាប័នចំនួន ១០៤  ក្នុងនោះមាន ក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន៣៤ និងក្រុមហ៊ុន គ្រឹះស្ថា​នឯកជន អង្គការ សមាគម និង​ដៃគូ​អភិវឌ្ឍន៍ចំនួន ៧០ ព្រមទាំងមានបង្ហាញពីសារៈសំខាន់នៃការអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ផ្សព្វផ្សាយ និងណែនាំអំពីវិស័យ និងមុខជំនាញអាទិភាពដែលទីផ្សារកំពុងមានតម្រូវការខ្ពស់ និង​គ្រឹះស្ថាន​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកំពុងធ្វើការបណ្តុះបណ្តាល។

សូមជម្រាបជូនថា សាធារណជន អាចចូលរួមទស្សនាស្តង់ពិព័រណ៍ដោយសេរី នៅ​មជ្ឈមណ្ឌល​ពិពរណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០នាទី ដល់ម៉ោង ២០:០០នាទី៕ 

To Top