ព័ត៌មានអន្តរជាតិ

គុយបា ថ្កោលទោស យ៉ាងខ្លាំងចំពោះវត្តមាន នាវាមុជទឹក របស់សហរដ្ឋអាមេរិក ចូលមកក្នុងទឹកដី របស់ខ្លួន

AFP

ហាវ៉ាណា៖ គុយបា បានថ្កោលទោសយ៉ាងខ្លាំងចំពោះវត្តមានរបស់នាវាមុជទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅឯមូលដ្ឋានទ័ពជើងទឹក Guantanamo Bay ដែលមានទីតាំងនៅភាគអាគ្នេយ៍នៃកោះ ដែលគុយបាចាត់ទុកថា ជាទឹកដីកាន់កាប់ដោយខុសច្បាប់ ។

លោក Carlos Fernandez de Cossio Dominguez អនុរដ្ឋមន្ត្រីក្រសួងការបរទេសគុយបា បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឲ្យដឹងថា ទោះបីជាប្រទេស របស់លោកត្រូវបានជូនដំណឹង អំពីវត្តមាន របស់នាវាសហរដ្ឋអាមេរិក ស្របតាមនីតិវិធី ដែលបានបង្កើតឡើង កាលពីប៉ុន្មានឆ្នាំមុនរវាងទីក្រុង ហាវ៉ាណា និងក្រុងវ៉ាស៊ីនតោនក្តី ប៉ុន្តែគុយបា មិនយល់ព្រមចំពោះវត្តមានកងទ័ពជើងទឹក នៅក្នុងទឹកដីរបស់ខ្លួន ដែលជាទឹកដីដោយគ្មានការអញ្ជើញឲ្យមកនោះឡើយ ។

លោកបានលើកឡើងថា “យើងមិនចូលចិត្តវត្តមាន នៅក្នុងទឹកដីរបស់យើងនៃធម្មជាតិនេះទេ” គាត់បានបញ្ជាក់ថា ដំណើរទស្សនកិច្ចដោយនាវាកង ទ័ពជើងទឹកបរទេស ទៅកាន់ប្រទេសមួយជាធម្មតា ជាលទ្ធផលនៃការអញ្ជើញ ហើយ “នេះមិនមែនដូច្នោះទេ” ។

ទីបញ្ជាការភាគខាងត្បូងនៃសហរដ្ឋអាមេរិកបានឲ្យដឹងថា នាវាមុជទឹក USS Helena ដែលជានាវាមុជទឹកវាយប្រហារលឿនដើរដោយថាមពលនុយក្លេអ៊ែរ បានចូលទៅក្នុងដែនទឹក ក្បែរមូលដ្ឋានទ័ពជើងទឹក Guantanamo Bay កាលពីថ្ងៃព្រហស្បតិ៍ ដែលនេះមានរយៈមួយថ្ងៃ បន្ទាប់ពីនាវាកងទ័ពជើងទឹក រុស្ស៊ីចំនួន៤គ្រឿងបានមកដល់កំពង់ផែ Havana សម្រាប់ដំណើរទស្សនកិច្ចនោះ។ នឹងបន្តរហូតដល់ថ្ងៃចន្ទ។

លោកអនុរដ្ឋមន្ត្រី ការបរទេសគុយបា ក៏បានក្រើនរំលឹកពីលក្ខណៈ “ខុសច្បាប់ និងមិនអាចទទួលយកបានទេ” នៃការកាន់កាប់ របស់សហរដ្ឋអាមេរិកលើផ្នែកមួយនៃទឹកដីគុយបា នៅក្នុងខេត្ត Guantanamo “ប្រឆាំងនឹងឆន្ទៈរបស់ពលរដ្ឋគុយបា” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top