ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នៅបន្តដាក់បទបញ្ជាដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្ដបង្ក្រាបក្រុមក្មេងទំនើង និងបទល្មើសគ្រឿងញៀន ដើម្បីសន្តិសុខសណ្តាប់ធ្នាប់ សង្គមជាតិទាំងមូល។
នាឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី១៧ មិថុនា នេះ សម្តេចធិបតី បានជំរុញឲ្យអាជ្ញាធរ ខិតខំទប់ស្កាត់ និងបង្រ្កាបឲ្យបានសកម្មបន្ថែមទៀតចំពោះក្មេងទំនើង បើហ៊ានងើបមួយក្រុម ត្រូវបង្រ្កាបមួយក្រុម ដើម្បីសន្តិសុខសណ្តាប់ធ្នាប់សង្គម។
សម្ដេចធិបតីមានប្រសាសន៍ថា «ឥឡូវសូមអរគុណណាស់ ចំពោះអាជ្ញាធររបស់យើង កម្លាំងសមត្ថកិច្ចខេត្តដែលគ្រប់ទាំងអស់ បានខិតខំចេញធ្វើសកម្មភាព ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរគ្រឿងញៀន បងតូច បងធំ ជាពិសេសក្រុមសាំម៉ូរ៉ៃ កាប់អាវ។ បង្ក្រាបប៉ុណ្ណឹងហើយ នៅមិនទាន់អស់ទៀត នៅចេញព្រហើន ចេញមួយរ៉ៃមួយ ងើបមួយក្រុមរ៉ៃមួយក្រុម ដើម្បីឲ្យរៀងកុំឲ្យគាត់យកគាត់ បំផ្លាញអនាគតរបស់គាត់ បំផ្លាញអនាគតសន្ដិសុខប្រទេសជាតិ សូមបន្ដធ្វើ»។
ជាមួយគ្នានេះ សម្ដេចធិបតីបានបង្ហាញអាណិតអាសូរ និងអាណោចអាធម នៅពេលឃើញឪពុក ទៅសំពះកូនប្រុសដែលជាបងធំ៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									