ព័ត៌មានអន្តរជាតិ

សិង្ហបុរី អំពាវនាវឲ្យរុស្ស៊ី បញ្ឈប់សង្គ្រាម ខណៈចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីសន្តិភាពអ៊ុយក្រែន

CNA

សិង្ហបុរី៖ លោកស្រី Sim An រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានលើកឡើងកាលពីថ្ងៃអាទិត្យនៅឯ កិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន នៅក្នុងប្រទេសស្វីស យ៉ាងដូច្នេះថា ប្រទេសរុស្ស៊ី គួរតែបញ្ឈប់អរិភាព និងចរចាជាមួយអ៊ុយក្រែនដោយភាពស្មោះត្រង់ ។

លោកស្រី Sim ដែលកំពុងចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងនាមជាបេសកជនពិសេសរបស់ នាយករដ្ឋមន្ត្រីបានជំរុញឱ្យប្រទេសរុស្ស៊ី ធ្វើការចរចាជាមួយអ៊ុយក្រែន ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិភាព និងយូរអង្វែង ។

លោកស្រី Sim បានប្រាប់កិច្ចប្រជុំកំពូលថា “វត្តមានរបស់សិង្ហបុរីនៅថ្ងៃនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ចំពោះច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ” ។

លោកស្រីបានបញ្ជាក់ថា “យើងគាំទ្រយ៉ាងខ្លាំងចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ គោលការណ៍ឯករាជ្យនយោបាយ បូរណភាពទឹកដី និងអធិបតេយ្យភាពមាន សារៈសំខាន់បំផុតសម្រាប់យើង” ។

“ការឈ្លានពានរបស់អ៊ុយក្រែនបាន រំលោភលើគោលការណ៍ទាំងនេះ ហើយបានបង្កការគំរាមកំហែង អត្ថិភាពសម្រាប់ប្រទេសទាំងអស់ រួមទាំងប្រទេសសិង្ហបុរីផងដែរ” ។

លោកស្រីបានថ្លែងថា “គោលការណ៍ទាំងនេះមានសារៈសំខាន់ សម្រាប់សន្តិសុខនៃរដ្ឋទាំងអស់ ដោយមិនគិតពីទំហំ ដែលនេះជាមូលហេតុដែលសិង្ហបុរី បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការលុកលុយរបស់រុស្ស៊ី មកលើអ៊ុយក្រែន ។ យើងមិនចូលរួមភាគីទេ យើងកំពុងប្រកាន់ខ្ជាប់នូវគោលការណ៍” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top