ព័ត៌មានជាតិ

សហជីព​ នៅកម្ពុជា ព្រួយបារម្ភ ចំពោះសកម្មភាព កកូរកកាយខុសច្បាប់ របស់អង្គការសង់ត្រាល់ និងស្នើឱ្យស៊ើបអង្កេត ប្រភពហិរញ្ញវត្ថុ

ភ្នំពេញ ៖ សហជីពនៅកម្ពុជា មានការព្រួយបារម្ភជាខ្លាំង ចំពោះសកម្មភាពកកូរកកាយ ធ្វើហួសព្រំដែន របស់អង្គការសង់ត្រាល់ និងបានស្នើសុំយ៉ាងទទួច ឱ្យស្ថាប័នមានសមត្ថកិច្ចបើកការស៊ើបអង្កេត ប្រភពហិរញ្ញវត្ថុរបស់អង្គការមួយនេះ ព្រោះបានធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងស្ថេរភាពការងារ កម្មករ និយោជិត ។

លោក អ៊ុន ដារា ប្រធានសហភាពកម្ពុជាពន្លឺកម្មករ និយាយថា ក្នុងនាមជាសហជីព លោកមានការព្រួយបារម្ភ ចំពោះសកម្មភាពរបស់អង្គការសង់ត្រាល់ ដែលបានធ្វើសកម្មភាពផ្ទុយពីតួនាទីភារកិច្ចរបស់ខ្លួន ។ លោកស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់បើកការស៊ើបអង្កេត ប្រភពហិរញ្ញវត្ថុរបស់អង្គការមួយនេះ ថាតើចាយវាយលើគម្រោងអ្វីខ្លះឱ្យប្រាកដ ។

លោកថ្លែងថា៖ «បើអង្គការហ្នឹងជាអង្គការវិជ្ជាជីវៈ សហជីព ឬសហព័ន្ធ អាហ្នឹងគេដើរធ្វើទៅលើកម្មករនិយោជិត ហើយអង្គការនេះផ្តោតទៅលើតែសិទ្ធិអីទេ ហេតុអីបានជាទៅរហូតលូកដៃ លូកជើង ទៅដល់កម្មករនិយោជិត ដូចខ្ញុំមើលឃើញក្នុងរបាយការណ៍ និយាយទៅសម្ភាសន៍កម្មករនិយោជិត និយាយអំពីសហជីព ចឹងវាផ្ទុយពីតួនាទីរបស់ខ្លួន បានខ្ញុំចង់ឱ្យស៊ើបអង្គេតឱ្យច្បាស់ ថាតើអង្គការហ្នឹង បានប្រភពមកពីណា ហើយប្រភពហិរញ្ញវត្ថុនោះ យកទៅចំណាយលើស្អីខ្លះ»។

បើតាមលោក អ៊ុន ដារា អង្គការសង់ត្រាល់ ត្រូវតែបង្ហាញពីគោលដៅសកម្មភាពរបស់ខ្លួនឱ្យបានច្បាស់លាស់ និងបញ្ជាក់ពីការធ្វើការងាររបស់ខ្លួន ក្នុងកម្រិតណាឱ្យបានប្រាកដផងដែរ ដើម្បីកុំឱ្យសហជីពនៅកម្ពុជាឆ្ងល់ មិនដឹងច្បាស់ថា អង្គការមួយនេះកំពុងតែធ្វើអ្វី។

ចំណែកលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា អង្គការសង់ត្រាល់ បានទទួលជំនួយពីបរទេស ប៉ុន្តែមិនបម្រើផល ប្រយោជន៍ពិតប្រាកដរបស់កម្មករនិយោជិតទេ បែរជាលូកដៃ ជ្រៀតជ្រែក មកលើកិច្ចការងាររបស់សហជីព ធ្វើឱ្យមានការរំខានដល់កិច្ចការសហជីព ហើយធ្វើឱ្យមានការលាបពណ៌ ការញុះញង់ឱ្យមានការស្អប់ តាមយៈការប្រើពាក្យសហជីពនេះឯករាជ្យ សហជីពនោះមិនឯករាជ្យ។ ទង្វើនេះបង្ហាញថា អង្គការសង់ត្រាល់ តាំងខ្លួនធ្វើជា អ្នកបំបែកបំបាក់ យ៉ាងពិតប្រាកដចំពោះខ្មែរនិងខ្មែរ សហជីពនិងសហជីព កម្មករនិយោជិត និងកម្មករនិយោជិត ១ក្រុមទៀត ។

លោកថ្លែងថា៖«យើងខ្ញុំជាសហជីព សុំសំណូមពរយ៉ាងទទួចដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាពិនិត្យ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះអង្គការសង់ត្រាល់ ក្នុងករណីទទួលជំនួយពីបរទេស ដើម្បីមកប្រឆាំងប្រជាពលរដ្ឋកម្ពុជា ប្រឆាំងជាមួយនិងកម្មករនិយោជិតនៅកម្ពុជា ប្រឆាំងជាមួយនឹងការអភិវឌ្ឍ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។»។

លោកប្រធានសហភាពពលកម្មជាតិកម្ពុជា លើកឡើងថា អំពើជ្រៀតជ្រែករបស់អង្គការសង់ត្រាល់ ក្នុងការលូកលាន់កិច្ចការងារសហជីព គឺផ្ទុយពីវិជ្ជាជីវៈ ខុសពីជំនាញ និងផ្ទុយពីបេសកកម្ម ដែលអង្គការនេះបានធ្វើទាំងស្រុង ព្រោះសង់ត្រាល់ ជាអង្គការមួយដែលមិនពាក់ព័ន្ធក្នុងកិច្ចការសហជីពនោះទេ ហើយសង់ត្រាល់ក៏មិនមែនជាអ្នកជំនាញសហជីពដែរ។ ក្នុងន័យនេះ របាយការណ៍ទាំងឡាយ របស់សង់ត្រាល់ពាក់ព័ន្ធ នឹងសិទ្ធិសេរីភាពសហជីពនោះ មិនឆ្លុះបញ្ជាំងពីស្ថានភាពជាក់ស្តែង នៃការអនុវត្តសិទ្ធិសេរីភាព សហជីពនៅកម្ពុជាទេ ៕

To Top