ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីសម្រេចបានសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន

Kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីសម្រេចបាននូវ “សន្តិភាពដ៏យុត្តិធម៍ និងយូរអង្វែង” នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលមហាអំណាចធំៗរបស់ពិភពលោក សហរដ្ឋអាមេរិក និងប្រទេសចិន បានបែកបាក់គ្នាអំពីរបៀបដោះស្រាយជាមួយនឹងការឈ្លានពានរបស់រុស្ស៊ី មកលើអ្នកជិតខាងរបស់ខ្លួន។

លោក គីស៊ីដា បានឲ្យដឹងនៅក្នុងសុន្ទរកថារបស់គាត់នៅឯការជួបជុំអន្តរជាតិ ដើម្បីសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ដែលធ្វើឡើងនៅរមណីយដ្ឋាន Burgenstock ភាគកណ្តាលរបស់ប្រទេសស្វីសថា “រាល់ការប៉ុនប៉ង ដើម្បីផ្លាស់ប្តូរស្ថានភាពជាឯកតោភាគីដោយកម្លាំង ឬការបង្ខិតបង្ខំ មិនត្រូវទទួលបានភាពយុត្តិធម៌នោះទេ” ។

ការកត់សម្គាល់របស់លោក គីស៊ីដា ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងកាលពីដើមខែនេះថា ប្រទេសចិន ដែលបាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចជាមួយរុស្ស៊ី បានព្យាយាមធ្វើឱ្យខូចដល់ “កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន” នៅប្រទេសស្វីស។

លោក បានលើកឡើងថា ប្រទេសជប៉ុនបានខ្នះខ្នែងក្នុងការគាំទ្រការកសាងឡើងវិញរបស់ប្រទេស ដែលហែកហួរដោយសង្រ្គាមដោយការកែលម្អការផ្គត់ផ្គង់អគ្គិសនី និងការបោសសម្អាតមីន ខណៈពេលដែលចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាអំពីសុវត្ថិភាពថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន។

អ៊ុយក្រែនមានរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលធំជាងគេនៅអឺរ៉ុប ប៉ុន្តែវាត្រូវបានកាន់កាប់ដោយរុស្ស៊ីភ្លាមៗបន្ទាប់ពីប្រធានាធិបតីលោក ពូទីន បានបើកការវាយប្រហារយ៉ាងពេញទំហឹងលើប្រទេសនេះក្នុងខែកុម្ភៈ ឆ្នាំ២០២២ ទោះបីជាមានការរិះគន់ពីលទ្ធិប្រជាធិបតេយ្យលោកខាងលិចក៏ដោយ។

សហភាពសូវៀត ដែលរុស្ស៊ី និងអ៊ុយក្រែន ជាផ្នែកមួយ បានទទួលរងនូវឧបទ្ទវហេតុនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោកក្នុងឆ្នាំ១៩៨៦ នៅ Chernobyl ។ ប្រទេសជប៉ុនបានជួបប្រទះវិបត្តិរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ដែលបង្កឡើងដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិក្នុងខែមីនា ឆ្នាំ២០១១៕ប្រែសម្រួល ឈូក បូរ៉ា

To Top