ភ្នំពេញ ៖គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ទទួលបានបណ្ដឹង និងព័ត៌មានផ្សេងៗ ចំនួន ៥ ៨១៩ករណី ក្នុងនោះ បណ្តឹងក្នុង សមត្ថកិច្ចមានចំនួន ២ ៩៤០ ករណី បណ្ដឹងក្រៅ សមត្ថកិច្ចមានចំនួន ១ ១៥០ករណី និងព័ត៌មានផ្សេងៗ ១ ៧២៩ករណី។ នេះបើតាមការឱ្យដឹងពីលោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្នុងសន្និសីទសារព័ត៌មានរៀបចំដោយ ក្រុមអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ។
ការិយាល័យប្រជាពលរដ្ឋនេះ គឺជាយន្តការអព្យាក្រឹត្យ មួយសម្រាប់ ទទួលនិងសម្រុះសម្រួល ដោះស្រាយ បណ្តឹងតវ៉ានានា របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹង ការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាល នៅថ្នាក់ក្រោមជាតិ និងជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋនៅមូលដ្ឋានអាចផ្តល់ព័ត៌មាន ត្រឡប់លើការផ្តល់សេវា ការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន ដែលជាលក្ខខណ្ឌមិនអាចខ្វះបាន ក្នុងការធានានូវអភិបាលកិច្ចល្អនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ព័ត៌មានត្រឡប់ទាំងនោះអាចជា ពាក្យបណ្តឹងតវ៉ា ឬសំណើសំណូមពរ នានារបស់ប្រជាពលរដ្ឋ គឺជាកញ្ចក់ឆ្លុះបញ្ចាំង លើចំណុចខ្វះខាត និងភាពអសកម្ម ក្នុងការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលគ្រប់ថ្នាក់ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តកែលម្អក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ក៏មានការិយាល័យប្រជាពលរដ្ឋដូចគ្នានេះដែរ។
បើតាមលោក សួស ប្រាថ្នា គិតចាប់ពីឆ្នាំ២០០៥ រហូតដល់ដំណាច់ឆ្នាំ២០២៣ ការិយាល័យប្រជាពលរដ្ឋ ថ្នាក់ក្រុង ស្រុក ខណ្ឌ បានទទួលបានបណ្ដឹង និងព័ត៌មានផ្សេងៗចំនួន ៥៨.៣៦២ ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ច ១.៣១៨ករណី បណ្ដឹងក្រៅសមត្ថកិច្ច ៩១៤ករណី និង ព័ត៌មានផ្សេងៗ ៥៦.១៣០ករណី។
បើគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤ នេះវិញ ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តបានទទួលបណ្ដឹង និង ព័ត៌មានផ្សេងៗចំនួន១.១៥០ ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ចមានចំនួន៣៣៤ករណី ក្នុងនោះបានបញ្ចប់ការដោះស្រាយ ចំនួន២២៨ ករណី និង កំពុងដោះស្រាយចំនួន១០៦ករណី) បណ្ដឹងក្រៅសមត្ថកិច្ច ចំនួន២៧៦ករណី និងព័ត៌មានផ្សេងៗចំនួន៥៤០ករណី ខណៈការិយាល័យ ប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ទទួលបានបណ្ដឹង និងព័ត៌មានផ្សេងៗចំនួន១៣.៤១៦ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ចមានចំនួន២៣៣ករណី បានបញ្ចប់ការដោះស្រាយចំនួន ១៤៣ករណី និងកំពុងដោះស្រាយចំនួន៩០ករណី បណ្ដឹងក្រៅសមត្ថកិច្ចចំនួន១៥២ករណី និងព័ត៌មានផ្សេងៗចំនួន១៣.០៣១ករណី។
គួរកត់សម្គាល់ថា បណ្តឹងក្នុងសមត្ថកិច្ច គឺជាបណ្ដឹងដែលមានការពាក់ព័ន្ធទៅនឹង ទី១-សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរអង្គភាពជំនាញ ទី២-ការបំពេញការងារ និងអាកប្បកិរិយារបស់បុគ្គលិកក្រុមប្រឹក្សារាជធានី ខេត្ត បុគ្គលិកមន្ទីរ អង្គភាពជំនាញនៅថ្នាក់រាជធានី ខេត្ត និងភ្នាក់ងារទទួលសមត្ថកិច្ច ទី៣-ការគ្រប់គ្រង និងការប្រើប្រាស់ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរ អង្គភាពជំនាញ នៅថ្នាក់រាជធានី ខេត្ត និងទី៤-ការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានី ខេត្ត មន្ទីរ អង្គភាពជំនាញ និង ភ្នាក់ងារទទួលសមត្ថកិច្ច។
ដើម្បីធានាគុណភាព នៃកិច្ចដំណើរការការិយាល័យប្រជាពលរដ្ឋ ពិសេសការសម្របសម្រួល និងដោះស្រាយបណ្ដឹង នានានោះ លោកអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានឱ្យដឹងថា ពេលនេះ អគ្គនាយកដ្ឋានរដ្ឋបាល កំពុងបន្តរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ដឹង និងព័ត៌មានផ្សេងៗរបស់ ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តបន្តដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកម្មវិធីទូរសព្ទ មតិយើង»សម្រាប់ទទួលបណ្ដឹង និងព័ត៌មានផ្សេងៗ តាមប្រព័ន្ធអនឡាញ៕