បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឆ្មាំព្រំដែនប៉ូឡូញបានទាមទារឱ្យសមភាគីអាល្លឺម៉ង់ក្នុងការពន្យល់ពីមូលហេតុដែលគ្រួសារជនចំណាកស្រុកត្រូវបានទម្លាក់នៅលើដីប៉ូឡូញកាលពីសប្តាហ៍មុន។
យោងតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ ជនចំណាកស្រុករាប់ពាន់នាក់ត្រូវបានបញ្ជូនពីប្រទេសអាល្លឺម៉ង់ទៅកាន់ប្រទេសប៉ូឡូញក្នុងកាលៈទេសៈស្រដៀងគ្នានេះ។
គេហទំព័រព័ត៌មាន Chona24 បានរាយការណ៍ថា រថយន្តប៉ូលីសអាល្លឺម៉ង់មួយគ្រឿងបានទម្លាក់ជនចំណាកស្រុកអាហ្វហ្គានីស្ថានពេញវ័យពីរនាក់ និងកុមារបីនាក់នៅជិតទីក្រុង Osinow Dolny ក្បែរព្រំដែនអាល្លឺម៉ង់កាលពីថ្ងៃសុក្រសប្តាហ៍មុន ។
ភ្នាក់ងារព័ត៌មាន Dziennik បានរាយការណ៍កាលពីថ្ងៃចន្ទថា ប៉ូលីសប៉ូឡូញបានបរាជ័យក្នុងការស្វែងរកគ្រួសារជនចំណាកស្រុក នៅពេលដែលពួកគេស្វែងរកតំបន់នោះ។
ឆ្មាំព្រំដែនបានបន្ថែមថា ខ្លួន បានទាក់ទងភ្លាមៗទៅភាគីអាល្លឺម៉ង់ ដើម្បីពន្យល់ពីស្ថានភាពនៃឧប្បត្តិហេតុ ហើយថា មេបញ្ជាការនៃទីភ្នាក់ងារនេះនឹងពិភាក្សាបញ្ហានេះជាមួយប្រធានប៉ូលីសសហព័ន្ធអាល្លឺម៉ង់នៅថ្ងៃអង្គារនេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី