ព័ត៌មានជាតិ

ការដាក់ឱ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុកម្ពុជា-សិង្ហបុរី បញ្ជាក់ពីការប្ដេជ្ញាចិត្តជំរុញពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុ

ភ្នំពេញ ៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ការដាក់ឱ្យដំណើរការ គម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាង កម្ពុជា និងសិង្ហបុរី (FTC) បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារកណ្តាលទាំងពីរ ក្នុងការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងការជំរុញពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) រវាងកម្ពុជា និងសិង្ហបុរី នៅវិមានរដ្ឋាភិបាល Istana នៃប្រទេសសិង្ហបុរី។

ព្រឹត្តិការណ៍ដាក់ឱ្យដំណើរការ FTC នេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់សាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនោះ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា គម្រោង FTC ជាចក្ខុវិស័យរួមរវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដើម្បីគាំទ្រលំហូរព័ត៌មានសម្រាប់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម តាមរយៈពង្រឹងគុណភាព ទិន្នន័យហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងទំនុកចិត្តសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុរវាងប្រទេស កម្ពុជា និងសិង្ហបុរី ដែលនឹងផ្តល់លទ្ធភាពសហគ្រាសធុនតូចនិងមធ្យមក្នុងការទទួលបានសេវា ហិរញ្ញវត្ថុកាន់តែប្រសើរ។

លោកស្រីបណ្ឌិត គូសបញ្ជាក់ថា «ការដាក់ឱ្យដំណើរការគម្រោង FTC បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ កណ្តាលទាំងពីរក្នុងការផ្លាស់ប្តូរជាវិជ្ជមានក្នុងការជំរុញពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុ ព្រមទាំងរួម ចំណែកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព»។

ដោយឡែក លោក ជៀ ដឺ ចាយអិន នាយកគ្រប់គ្រង អាជ្ញាធររូបិយវត្ថុសិង្ហបុរី បានឱ្យដឹងថា ការចាប់ផ្តើមគម្រោង FTC រវាងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា និងសិង្ហបុរី នឹងគាំទ្រដល់លទ្ធភាពនៃការ ទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្លាស់ប្តូរ ទិន្នន័យហិរញ្ញវត្ថុរបស់ស់ហគ្រាសធុនតូច និងមធ្យម នៅលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល FTC។ ការណ៍នេះ នឹងផ្តល់កាលានុវត្តភាពដល់សហគ្រាសធុនតូច និងមធ្យម និងគ្រឹះស្ថានហិរញ្ញវត្ថុដែល ចូលរួមក្នុងគម្រោង។

សូមរំលឹកថា ថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុនរវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងសិង្ហបុរី ដែលជាសមាជិកចូលរួមក្នុងគម្រោង ដើម្បីមានលទ្ធភាពប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូចនិងមធ្យម នៅប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយភាពងាយស្រួល ក្នុងការវាយតម្លៃឥណទានប្រសើរជាងមុន និងបង្កើនល្បឿនក្នុង ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសទាំងនោះ សំដៅជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់ សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។ ថ្នាល FTC ត្រូវបានអភិវឌ្ឍឡើង និងគ្រប់គ្រងដោយក្រុមហ៊ុន Proxtera Pte Ltd៕

To Top