ភ្នំពេញ៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិ គាំពារសង្គម និងជានាយក ប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានមានប្រសាសន៍ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជាគិតត្រឹមថ្ងៃនេះ ប្រមូលបានថវិកា២,៧២០លានដុល្លារ ពីសប្បុរសជនចំនួន ១៧ លាននាក់ នៅទូទាំងប្រទេសកម្ពុជា។
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-19_11-52-02-1024x682.jpg)
លោកបណ្ឌិត ចន ណារិទ្ធ បានលើកឡើង ក្នុងឱកាសពិធីសន្និសីទសារព័ត៌មាន ផ្សព្វផ្សាយវឌ្ឍនភាព យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃពុធទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសាលសាវនាការវាំង ឈើនៃទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ឃាន តួក អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-19_11-52-26-1024x682.jpg)
លោកបណ្ឌិតបញ្ជាក់ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា សប្បុរសជនអាចបរិច្ចាកថវិកា របស់ខ្លួនតាមចិត្តបាន ទោះបីក្រោម ១ ម៉ឺនរៀល ឬលើស ១ ម៉ឺនរៀលក៏បាន ហើយចំនួនអ្នកបរិច្ចាកថវិកា មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នេះជាកាយវិកាយដ៏សំខាន់ក្នុងការចូលរួមចំណែកមនុស្សធម៌ ។
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-19_11-52-30-1024x682.jpg)
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូល និធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើម ឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានចាប់ផ្តើនៅថ្ងៃទី២៨ ខែកក្កដា គ្រោងនឹងបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។ ក្រសួងព័ត៌មានចូលរួមយ៉ាងសកម្មជា មួយអង្គភាពព័ត៌មានជាតិទូទាំងប្រទេសកម្ពុជា ក្នុងការផ្សព្វផ្សាយយុទ្ធនាការនេះ តាំងតែពីមុនចាប់ផ្តើមយុទ្ធនាការឡើង តាមតួលេខបងប្អូនកម្ពុជា បានចូលរួមយ៉ាង សកម្មបែបមនុស្សធម៌នេះ ដែលបង្ហាញពីការចែករម្លែកនូវថវិកា និងទឹកចិត្តរបស់ ខ្លួនជាមួយកុមារកម្ពុជាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-19_11-52-34-1024x682.jpg)
លោករដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានបន្តថា «មូលនិធិគន្ធបុប្ផាកម្ពុជា យកទៅប្រើប្រាស់ និងដំណើរការក្នុង មន្ទីរគន្ធបុប្ផាកម្ពុជា នៅទូទាំងប្រទេសកម្ពុជា របស់យើង ដោយមួយឆ្នាំៗ បានចូលរួមយ៉ាង សកម្មក្នុងការផ្តល់ សេវាកម្មព្យាបាល ថែទំាដល់ កុមារកម្ពុជា ហើយតាមរយៈមន្ទីរគន្ធបុប្ផាកម្ពុជាចូលរួមកាត់បន្ថយអាត្រា មរណភាពកុមារ ទារក និងមាតាផងដែរ» ៕
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-19_11-52-18-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-19_11-52-14-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-19_11-52-22-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-19_11-52-10-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)