កំពង់ស្ពឺ៖ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី ហោ ម៉ាលីន បានណែនាំដល់មន្ទីរកសិកម្មខេត្តកំពង់ស្ពឺឲ្យបន្តគាំទ្រ និងជំរុញប្រជាកសិករលើការងារដាំដុះ ការងារផលិតកម្ម និងបសុព្យាបាល ការងារព្រៃឈើ ការងារជលផល ការងារសហគមន៍ និងការចិញ្ចឹមសត្វ ដើម្បីសម្រួលជីវភាពរស់នៅ។
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-19_13-00-55.jpg)
ការជំរុញនេះធ្វើឡើងក្នុងឱកាស សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ លើការងារឆមាសទី១ នៅថ្ងៃ១៩ មិថុនា ។
លោកស្រី ហោ ម៉ាលីន បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងក្រោមការអនុវត្តផ្ទាល់ពីសំណាក់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានយកចិត្តទុកដាក់ខ្ពស់ លើការងារដឹកនាំគ្រប់គ្រង សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម ឲ្យកាន់តែមានភាពប្រសើរឡើង ដើម្បីរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើនប្រាក់ចំណូល ដល់គ្រួសារប្រជាកសិករ ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងប្រែក្លាយកម្ពុជាឲ្យ ទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-19_13-00-54.jpg)
លោកស្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា របស់មន្ទីរដែលសម្រេចបាននាពេលកន្លងមក និងបច្ចុប្បន្ន ទោះបីមានបញ្ហាប្រឈមខ្លះ កើតមានឡើងក៏ដោយ និងបានណែនាំឲ្យមន្ទីរបន្តខិតខំ យកចិត្តទុកដាក់ក្នុងការអនុវត្តសេចក្តីណែនាំ សារាចរណែនាំដែលក្រសួងបានដាក់ចេញ ជាពិសេសការឆ្លើយតបនឹងបញ្ហាប្រឈមនានា របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តកំពង់ស្ពឺ នឹងបន្តអនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកៀងគរការចូលរួមពីគ្រប់ភាគី ក្នុងការពន្លឿនសន្ទុះនៃការអភិវឌ្ឍ រក្សាបានកំណើនសេដ្ឋកិច្ចជាតិ និងចំណូលគ្រួសារកសិករ។
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-19_13-00-52.jpg)
ទន្ទឹមនិងនោះដែរ លោក យឹម ណន អនុប្រធានក្តាប់រួមនៃមន្ទីរកសិកម្ម ខេត្តកំពង់ស្ពឺក៏បានលើកឡើងថា សម្រាប់ខេត្តកំពង់ស្ពឺឆ្នាំនេះ ការងារបង្កបង្កើនផលស្រូវវស្សា ប្រជាកសិករបានធ្វើលើសពីផែនការរហូតដល់ទៅជិត ១៣ម៉ឺនហិកតា លើផែនការសរុបត្រឹមតែ ១២ម៉ឺនហិកតាប៉ុណ្ណោះ ហើយក្នុងនោះគឺស្រុកបសេដ្ឋកើនលើសចំនួន ៩០ហិកតា និងស្រុកឱរ៉ាល់កើនលើសចំនួន ២៤០០ហិកតា។ ជាមួយនេះការដាំដំណាំរួមផ្សំរបស់ប្រជាកសិករ បានអនុវត្តថយចុះពីផែនការ តែការអនុវត្តការចិញ្ចឹមសត្វ នៅតាមគ្រួសាររបស់ប្រជាកសិករ ហាក់មានការកើនឡើង គ្រាដែលតម្រូវការទីផ្សារនៃសត្វ សម្រាប់ជាចំណីអាហារមានតម្រូវការខ្ពស់៕
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-19_13-00-51.jpg)
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-19_13-00-42.jpg)
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-19_13-00-50.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)