ព័ត៌មានអន្តរជាតិ

អាមេរិក ជំរុញឱ្យអាស៊ាន តវ៉ានៅចំពោះមុខ អ្នកតំណាងរបស់ចិន រឿងសមុទ្រចិនខាងត្បូង នៅកិច្ចប្រជុំអាស៊ាន នៅបាងកក

បរទេស៖ ប្រភពការទូតអាស៊ាន បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកកំពុងជំរុញអាស៊ាន ស្តីបន្ទោសទៅលើប្រទេសចិន លើការទាមទារដែនសមុទ្រ ដែលបានពង្រីករបស់ខ្លួន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ក្នុងតំបន់ដែលនឹងត្រូវធ្វើឡើង នៅទីក្រុងបាងកកនៅចុងសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹង ដោយផ្អែកតាមប្រភពខាងលើថា សហរដ្ឋអាមេរិកបានសរសេរ“ លិខិតមិនផ្លូវការមួយ” ដែលជំរុញឱ្យសមាជិកអាស៊ាន“ ធ្វើការតវ៉ាចំពោះការទាមទារ និងការពង្រីកដែនសមុទ្រ ដោយខុសច្បាប់របស់ចិន” នៅសមុទ្រចិនខាងត្បូង នៅចំពោះមុខអ្នកតំណាងចិន នៅក្នុងកិច្ចប្រជុំនៅទីក្រុងបាងកក ប្រទេសថៃ។

ប្រភពបន្ថែមថា គណៈប្រតិភូអាមេរិកផ្ទាល់ នឹងលើកឡើងពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំទាំងនោះ ដែលវានឹងចូលរួម ក្នុងនោះ រួមមានកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលរួមមានអាស៊ាននិងដៃគូសន្ទនាចំនួន ៨ របស់ខ្លួន ដែលរួមមានចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី នូវែលសេឡង់ ឥណ្ឌា និង ប្រទេសរុស្ស៊ី។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានសម្រេចចិត្តរំលងកិច្ចប្រជុំប្រចាំឆ្នាំ ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃអាទិត្យ ហើយជំនួសមកវិញ ដោយបញ្ជូនទីប្រឹក្សាសន្តិសុខជាតិ គឺលោក រ៉ូបឺតអូប៊្រីន និងរដ្ឋមន្រ្តីពាណិជ្ជកម្ម លោក វីលប៊រ រ៉ូស៕ ប្រែសម្រួលៈ ណៃ តុលា

To Top