ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ ៤៧ឆ្នាំមុន ជាកំណត់ត្រាពីតម្លៃ នៃការលះបង់ របស់សម្តេចតេជោ ដើម្បីសិទ្ធិរស់រានមានជីវិត របស់ពលរដ្ឋខ្មែរ

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា នៅថ្ងៃទី២០ មិថុនា កាលពី៤៧ឆ្នាំមុន នៅលើទឹកដីជាយដែននៃកម្ពុជា មានយុវជនខ្មែរមួយរូប ទើបតែអាយុ២៥ឆ្នាំ គឺសម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តប្រកប ដោយការលះបង់ខ្ពស់បំផុត ជាមួយយុទ្ធមិត្តដ៏ ស្មោះស្ម័គ្រ៤រូបផ្សេងទៀត ដើម្បីទាមទារសិទ្ធិរស់រានមានជីវិត របស់ពលរដ្ឋខ្មែរ។

មុនឈានដល់ថ្ងៃប្រារព្ធខួបដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត លើកទី៤៧ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤) ដែលមានសម្តេចតេជោ និងសមមិត្តមួយចំនួនទៀតបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីរំដោះប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីការកាប់សម្លាប់របស់របបប៉ុល ពត នាថ្ងៃ២០ មិថុនា ស្អែកនេះ​ លោក ប៉ែន បូណា លើកឡើងថា រឿងដែលគេឧស្សាហ៍ធ្លាប់ឃើញ ក្នុងខ្សែភាពយន្តបានកើតឡើងពិតៗ នៅកម្ពុជាក្នុងទឹកដី នៃតំបន់ x-១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ដែលជាការចាប់ផ្តើមបេសកកម្ម ដាក់ជីវិតផ្ទាល់ខ្លួន របស់សម្តេចតេជោធ្វើជាដើមទុន ដើម្បីប្តូរយកជីវិតខ្មែរមួយនគរ ដែលកំពុងឈរនៅពីមុខ ជ្រោះមរណៈនិងកំពុង បួងសួង រកអ្នកជួយសង្គ្រោះ។

លោកបន្តរៀបរាប់ថា សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គពិតក្នុងបេសកកម្ម «សំណាងមួយក្នុងមួយម៉ឺនគ្រោះថ្នាក់» នេះ។ នៅម្ខាង គឺជាវាលពិឃាដ នៃរបបប្រល័យពូជសាសន៍ ដែលកាប់សម្លាប់មនុស្សគ្មានត្រាប្រណី រីឯនៅម្ខាងទៀត គឺជាព្រំដែនប្រទេសជិតខាង ដែលកងទ័ពខ្មែរក្រហម ធ្លាប់បើកការ វាយប្រហារជារឿយៗ។ ស្ថានភាពនេះ មិនខុសពី «ចុះទឹកក្រពើឡើងលើខ្លា» នោះឡើយ។ ប៉ុន្តែ ដោយអំណាចនៃទឹកចិត្តស្នេហាជាតិដ៏មោះមុត កុលបុត្រខ្មែរដ៏ឆ្នើមរូបនេះ មិនញញើតឡើយក្នុងការប្រថុយជីវិត ដើម្បីបុព្វហេតុរំដោះជាតិពីក្រញាំបិសាចអាវខ្មៅ។

លោកបន្ដថា ក្រោយឆ្លងកាត់ឧបសគ្គរាប់សែនលានជំពូក ចលនាតស៊ូរំដោះជាតិក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ឧសភា ១៩៧៨។ បន្ទាប់មក រណសិរ្ស ២ធ្នូ ក៏បានកកើតឡើងក្នុងឆ្នាំដដែលរហូតឈានដល់ជ័យជំនះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជីវិតខ្មែរគ្រប់គ្នាឲ្យរស់រានមានជីវិតដូចក្តីប្រាថ្នា។ ទោះបីបេសកកម្មទាមទារសិទ្ធិរស់រានមានជីវិត បានទទួលជោគជ័យ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជា បន្តរែកពន់នូវអម្រែកដ៏សែនធ្ងន់នៅលើស្មា ពីព្រោះប្រទេសជាតិ ទាំងមូលត្រូវបានបំផ្លាញខ្ទេចខ្ទាំ ទាំងហេដ្ឋារចនាសម្ព័ន្ធសង្គម ទាំងធនធានមនុស្ស។ ដៃម្ខាងខំប្រឹងកសាងប្រទេសពីគំនរផេះផង់ រីឯដៃម្ខាងទៀត ប្រឹងទប់កុំឲ្យរបបប្រល័យពូជសាសន៍វិលវិញ។

លោកគូសបញ្ជាក់ថា «ដូច្នេះ បើយើងក្រឡេកថយក្រោយ ដើម្បីរំលឹកអំពីដំណើរឆ្ពោះទៅការរំដោះជាតិ និងដំណើរការកសាងជាតិឡើងវិញ ក្រោយរបបខ្មែរក្រហម រហូតសម្រេចបានសមិទ្ធផល ជូនប្រទេសជាតិដូចសព្វថ្ងៃ យើងប្រាកដជាស្គាល់ច្បាស់ថា តើនរណាជាវីរជនសិទ្ធិមនុស្ស ពិតប្រាកដរបស់កម្ពុជា នរណាជាមហាវីរបុរសជាតិខ្មែរ នរណាជាបិតាស្ថាបនិក និងប្រតិបត្តិករសន្តិភាព និងនរណាជាអ្នកសាង សមិទ្ធផលធំធេង អស្ចារ្យសម្រាប់ប្រទេសនេះដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបរយៈពេល៥០០ឆ្នាំចុងក្រោយ។ ទោះបីជាមានអ្នកខ្លះភ្លេច ឬធ្វើជាភ្លេចដោយសារតែហេតុផល នយោបាយងប់ងល់ជ្រុលនិយម ប៉ុន្តែ ពលរដ្ឋខ្មែរភាគច្រើនលើសលប់ នៅចងចាំគ្មានថ្ងៃភ្លេចឡើយ នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ» ។

លោក ប៉ែន បូណា បន្ថែមថា សន្តិភាព និង សមិទ្ធផលគ្រប់បែបយ៉ាង ដែលកើតមានលើទឹកដីកម្ពុជាសព្វថ្ងៃ គឺជាស្នាដៃដឹកនាំ របស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី ដោយគ្មានអ្នកណាអាចកាឡៃបានឡើយ។ សមិទ្ធផលទាំងនេះ ត្រូវបានធានាការពារ យ៉ាងគត់មុត ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលកំពុងដឹកនាំប្រទេសឈាន ទៅសម្រេចចក្ខុ វិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេស មានចំណូលខ្ពស់ ដែលនឹងក្លាយជាកំណត់ត្រា ប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជាសម័យទំនើប ៕

To Top