បរទេស ៖ យន្តហោះ របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានទម្លាក់គ្រាប់បែកលើគោលដៅ ក្រុមហេសបូឡា ជាច្រើននៅភាគខាងត្បូង ប្រទេសលីបង់, នេះបើតាមទីក្រុងហ្សេរុយសាឡឹម ខាងលិចបានប្រកាស កាលពីល្ងាចថ្ងៃអង្គារ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅព្រឹកថ្ងៃដដែល ក្រុមហេសបូឡាហ៍ បានបញ្ចេញវីដេអូមួយអំពីអ្វី ដែលខ្លួននិយាយថា ជាយន្តហោះគ្មានមនុស្សបើកចារកម្មរបស់ខ្លួន ហោះហើរលើភាគខាងជើងអ៊ីស្រាអែល និងថតនៅកំពង់ផែ Haifa ជាក់ស្តែងមិនត្រូវបានប៉ះពាល់ដោយប្រព័ន្ធការពារ ដែនអាកាស ឬស្ទាក់ចាប់ឡើយ ។
IDF បានប្រកាសថា ខ្លួនបាន “ស្ទាក់ចាប់បានដោយជោគជ័យ នូវគោលដៅលើអាកាសគួរឱ្យសង្ស័យ នៅក្នុងតំបន់ឆ្នេរ Gesher HaZiv” ដែលជា kibbutz នៅជិតព្រំដែនប្រទេសលីបង់ ។
យន្តហោះចម្បាំង របស់កងទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារគោលដៅ ភេរវកម្ម ហេសបូឡា មួយចំនួននៅភាគខាងត្បូងប្រទេសលីបង់ រួមទាំងទីតាំងហេដ្ឋារចនាសម្ព័ន្ធ ភេរវកម្មជាច្រើននៅក្នុងតំបន់ Taybeh, Odaisseh និង Jibbain ក៏ដូចជារចនាសម្ព័ន្ធយោធានៅក្នុងតំបន់ Ayta Ash Shab ។ IDF បាននិយាយនៅលើ Telegram រួមជាមួយនឹងវីដេអូពីរ នៃការវាយប្រហារតាមអាកាស។
ចាប់តាំងពីការវាយប្រហារ របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលបង្កឡើងដោយការវាយឆ្មក់ របស់ពួកហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា ក្រុមហេសបូឡា និង IDF បានផ្លាស់ប្តូរការបាញ់រ៉ុក្កែតដាក់គ្នាទៅវិញ ទៅមកជាបន្តបន្ទាប់ឆ្លងកាត់ព្រំដែនលីបង់ ដោយបានជម្លៀសប្រជាជនអ៊ីស្រាអែលជាង ៥៣.០០០ នាក់ និងជនជាតិលីបង់ ៩៥.០០០នាក់ ចេញពីផ្ទះសម្បែង ៕
ប្រែសម្រួលៈ ណៃ តុលា