តៃប៉ិ៖ លោក Lai Ching-te ប្រធានាធិបតីកោះតៃវ៉ាន់ បានថ្លែងឲ្យដឹង នៅថ្ងៃពុធនេះថា ប្រទេសចិន កំពុងព្យាយាមបង្ខំ ឲ្យកោះដែលគ្រប់គ្រង ដោយខ្លួនឯងនេះ ឱ្យចុះចូល ប៉ុន្តែថា ខ្លួននឹងមិនចុះចូលនឹងរងនូវសម្ពាធអ្វីនោះទេ ។
ប្រទេសចិន បានទាមទារ ឲ្យកោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានលើកឡើងថា ខ្លួននឹងមិនបោះបង់ ការប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយកកោះនេះ មកស្ថិតក្រោមការគ្រប់គ្រង របស់ក្រុងប៉េកាំងជាដាច់ខាត ។
គេបានដឹងថា នៅក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ក្រុងប៉េកាំង បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើ រដ្ឋាភិបាលក្រុងតៃប៉ិ ដោយការបង្ហាញកម្លាំងចុង ក្រោយនេះបានកើតឡើង៣ថ្ងៃ ក្រោយពីការសម្ពោធរបស់លោក Lai នៅគ្រាដែលប្រទេសចិន ធ្វើលំហាត់សមយុទ្ធសង្គ្រាម នៅជុំវិញដែនកោះនេះ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះ ដែលជាខែដំបូង របស់លោកស្ថិតនៅក្នុងតំណែង លោក Lai បានថ្លែងថា “ការដាក់បញ្ចូលកោះតៃវ៉ាន់ គឺជាគោលនយោបាយជាតិ របស់សាធារណៈរដ្ឋប្រជាមានិតចិន” ។
លោកបានថ្លែងទៀតថា “បន្ថែមពីលើកម្លាំងយោធា ពួកគេបានប្រើប្រាស់វិធីសាស្ត្របង្ខិតបង្ខំដែលមិនមែនជាប្រពៃណី ដើម្បីព្យាយាមបង្ខំឲ្យកោះតៃវ៉ាន់ឱ្យចុះចូល” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា