ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី អាចមានទំនាក់ទំនងអន់ថយខាងផ្នែកការទូតជាមួយសហរដ្ឋអាមេរិក ដោយសារការរឹបអូសទ្រព្យសម្បត្តិ

AFP

ម៉ូស្គូ៖ លោក Sergei Ryabkov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន TASS ដែលបានលើកឡើងកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី មិនបានច្រានចោលនូវលទ្ធភាពនៃការទម្លាក់ទំនាក់ទំនងការទូតរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដែលជាការឆ្លើយតបទៅនឹងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីនោះទេ ។


លោក Ryabkov បានពន្យល់ថា ប្រតិកម្មរបស់រុស្ស៊ី ចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិក អាចរួមបញ្ចូលវិធានការប្រឆាំងនឹងទ្រព្យសម្បត្តិលោកខាងលិចនៅក្នុងប្រទេសរុស្ស៊ី ការឆ្លើយតបមិនស្មើគ្នានៃប្រភេទផ្សេងទៀត និងការកាត់បន្ថយទំនាក់ទំនងខាងផ្នែកការទូត ។

លោក Ryabkov បានកត់សម្គាល់ឲ្យដឹងថា “អាស្រ័យលើកម្រិតនៃការញុះញង់របស់ពួកគេ យើងនឹងធ្វើការកែតម្រូវការឆ្លើយតបរបស់យើងទៅតាមនោះដែរ” ។

លោក Ryabkov បានគូសបញ្ជាក់ថា រុស្ស៊ី នឹងកំណត់ការឆ្លើយតបរបស់ខ្លួន ដោយផ្អែកលើទំហំនៃបញ្ហាប្រឈមដែលបង្កឡើងដោយសហរដ្ឋអាមេរិក ។

លោក Ryabkov បានថ្លែងទៀតថា “ខ្ញុំមិនរាប់បញ្ចូលជម្រើសណាមួយនោះទេ ប៉ុន្តែខ្ញុំក៏មិនបានគិតទុកជាមុនអំពីជម្រើសជាក់លាក់ណាមួយដែរ”។ “ក្នុងករណីណាក៏ដោយ ទាំងអស់នេះគឺជាបញ្ហានៃការសម្រេចចិត្តខាងផ្នែកនយោបាយដាច់ដោយឡែកមួយដែលនឹងធ្វើឡើងនៅកម្រិតខ្ពស់បំផុតនៅទីក្រុងម៉ូស្គូ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top