ព័ត៌មានជាតិ

សម្ដេចធិបតី៖ ទំព័រប្រវត្តិសាស្ត្រកម្ពុជា បានចែកចេញជាដំណាក់កាលធំៗ ចំនួន៣

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ប្រវត្តិសាស្ដ្រ ក្នុងយុគ្គសម័យ បានកត់ត្រាទុកក្នុងទំព័រប្រវត្តិសាស្ត្រ បានតភ្ជាប់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ដោយបានកំណត់ចែកចេញជា ដំណាក់កាលធំៗចំនួន៣។

សម្ដេចធិបតីបានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ នាព្រឹកថ្ងៃ២០ មិថុនា ។

សម្ដេចធិបតី បានឲ្យដឹងថា ដំណាក់កាលធំៗទាំង៣ រួមមាន៖ ដំណាក់កាលទី១ គឺចាប់ផ្តើមពីចលនាតស៊ូនៅក្នុងដំណើរ ឈានឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលជាថ្ងៃចាប់ផ្តើមនៃចលនាតស៊ូ ប្រឆាំងរើបម្រះពីរបបដឹកនាំរបស់ប៉ុលពត ដែលចលនានោះ មានសម្តេចតេជោផ្ទាល់ និងយុទ្ធមិត្តតិចតួចប៉ុណ្ណោះ ចេញពីតំបន់កោះថ្ម X16 ព្រំដែនវៀតណាម ឈានទៅការបង្កើតកងកម្លាំងរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ មានឈ្មោះកាត់ថា «ក១២៥» ដែលជាអង្គការចាត់តាំងយោធាដំបូង និងការបង្កើតអង្គការចាត់តាំងនយោបាយដំបូង គឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ក្រោមការដឹកនាំរបស់ សម្ដេច ហេង សំរិន, សម្ដេច ជា ស៊ីម និងសម្ដេចតេជោ ហ៊ុន សែន ដែលឈានទៅសម្រេចជ័យជម្នះក្នុងការសង្គ្រោះ និងរំដោះ ប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត ជាស្ថាពរនៅថ្ងៃ «៧ មករា ឆ្នាំ១៩៧៩»។

សម្ដេចធិបតីបន្ថែមថា ដំណាក់កាលទី២ គឺជាដំណាក់កាលនៃការការពារ ស្តារ និងកសាងប្រទេសជាតិឡើងវិញ ចេញពីចំណុចសូន្យ ដោយដៃម្ខាងកាន់អាវុធការពារ ទប់ស្កាត់ ការប៉ុនប៉ងវិលត្រឡប់មកវិញនៃ របបប្រល័យពូជសាសន៍ ប៉ុលពត ហើយ ដៃម្ខាងទៀតខិតខំកសាងប្រទេសជាតិ រហូតឈានដល់ ដំណាក់កាលចរចាផងប្រយុទ្ធផង រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស «២៣ តុលា ១៩៩១» និងឈានដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជានាំមកនូវសុខសន្តិភាព និងឯកភាពទឹកដីពេញលេញជាប្រវត្តិសាស្ត្រ ដែលកម្ពុជាពុំធ្លាប់មានអស់រយៈកាលជាង ៥០០ឆ្នាំកន្លងទៅ។

សម្ដេចធិបតីបន្ថែមទៀតថា ដំណាក់កាលទី៣ គឺជាការបើកឡើងនូវទំព័រ ប្រវត្តិសាស្ត្រថ្មីមួយដែលមានលក្ខណៈ ប្តូរផ្តាច់ក្នុងការប្រឆាំងជាមួយនឹងបដិវត្តន៍ពណ៌ ពោលគឺជាដំណាក់កាលថែរក្សាការពារសន្តិភាព ដែលជាបុព្វបទនៃការអភិវឌ្ឍប្រទេសជាតិ និងភាពសុខដុមរមនារបស់ ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្រោមម្លប់នៃសុខសន្តិភាព ដែលបានមកពីនយោបាយឈ្នះ-ឈ្នះ ៕

To Top