ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា បើពុំមានការចាប់ផ្តើមទិវា នៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុលពត ឆ្នាំ១៩៧៧ និងព្រឹត្តិការណ៍ ដែលមានជាបន្តបន្ទាប់ ក៏មិនអាចមានអ្វីៗ ដូចសព្វថ្ងៃនេះ ។
ការថ្លែងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី «ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្រ្ត យោធាតេជោកោះថ្ម X16 នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ។
ព្រឹត្តិការណ៍ ២០មិថុនា ឆ្នាំ១៩៧៧ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលពលរដ្ឋខ្មែរបានចងចាំ និងដឹងគុណដល់វីរៈភាពឥស្សិរជនខ្មែរ គឺសម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចចិត្ត ប្រកបដោយការលះបង់ខ្ពស់បំផុត ជាមួយយុទ្ធមិត្តដ៏ស្មោះស្ម័គ្រ៤រូបផ្សេងទៀត ដើម្បីទាមទារសិទ្ធិរស់រានមានជីវិត របស់ពលរដ្ឋខ្មែរ ចេញពីកណ្តាប់ដៃប៉ុលពត ។
ការណ៍នេះហើយ ទើបសម្តេចធិបតី លើកគូសបញ្ជាក់ថា “បើពុំមានការចាប់ផ្តើមទិវា នៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុលពត ឆ្នាំ១៩៧៧ និងព្រឹត្តិការណ៍ដែលមានជាបន្តបន្ទាប់ ក៏មិនអាចមានអ្វីៗដូចសព្វថ្ងៃនេះ ។ ជាក់ស្តែងការអនុវត្តគោនយោបាយឈ្នះ ឈ្នះ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានដាក់ចេញ និងដឹកនាំដោយផ្ទាល់នោះបានចាប់ផ្តើមពីការចាកចេញ នៅថ្ងៃទី២០ មិថុនា ១៩៧៧ រហូតមកដល់ការអនុវត្តនយោបាយឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាមទាំងស្រុង នាចុងឆ្នាំ១៩៩៨ ដែលបន្តដឹកនាំប្រទេស រហូតដល់បច្ចុប្បន្ននេះ ដើម្បីធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ” ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីបានសម្តែងការដឹងគុណ យ៉ាងជ្រាជ្រៅចំពោះសម្តេចតេជោ ដែលជាមគ្គទេសឯក និងប្រតិបត្តិករ នយោបាយឈ្នះ ឈ្នះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានលះបង់នៅពលីកម្មយ៉ាងធំធេង និងការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត រហូតដល់ការសម្រេចបានសុខសន្តិភាព ឯកភាពជាតិពេញលេញ និងការអភិវឌ្ឍគ្រប់ វិស័យសម្រាប់ជាឧត្តមប្រយោជន៍ ដល់ជាតិ និងប្រជាជនកម្ពុជា ។
គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ គឺជាខួបគម្រប់ ៤៧ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុត លាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាច ដ៏សែនឃោរឃៅ ប៉ុលពត ៕