មូស្គូ៖ រដ្ឋមន្រ្តី ក្រសួងការពារជាតិអាមេរិក លោក Mark Esper បាននិយាយថា សហរដ្ឋអាមេរិកគ្រោង នឹងពង្រឹងវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដោយការដាក់ពង្រាយឡើងវិញ កម្លាំងយោធារបស់ខ្លួន ទៅកាន់តំបន់នោះវិញ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង របស់លោក Esper នៅពេលដែលត្រូវបានសួរថា តើសហរដ្ឋអាមេរិកនិងអូស្ត្រាលី នឹងធ្វើសហប្រតិបត្តិការ កាន់តែជិតស្និទ្ធថែមទៀតនៅចំពោះមុខ ចំពោះការបង្កើនសកម្មភាព របស់ចិននៅក្នុងតំបន់ ឬយ៉ាងណា ។ លោកថា «អ្នកដឹងទេដូចដែលខ្ញុំ ឃើញបញ្ហាប្រឈមធំបំផុតមួយ ដែលខ្ញុំប្រឈមមុខនៅក្នុងការិយាល័យ គឺត្រូវអនុវត្ត យុទ្ធសាស្ត្រការពារជាតិរបស់យើង។ យុទ្ធសាស្ត្រការពារជាតិ របស់យើងសង្កត់ធ្ងន់ថា ការព្រួយបារម្ភចម្បង របស់យើងគឺតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ហើយដើម្បីអនុវត្តរឿងនោះ ខ្ញុំចាំបាច់ត្រូវចូលរួមបន្ថែមទៀត ខ្ញុំចាំបាច់ត្រូវរៀបចំកម្លាំង ទៅតំបន់នោះឡើងវិញ។ ខ្ញុំក៏ត្រូវមានវត្តមាន នៅក្នុងតំបន់ផងដែរ»។
ប្រធានមន្ទីរបញ្ចកោណ បានចង្អុលបង្ហាញថា យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកគឺ “ដើម្បីបង្កើនដៃគូកាន់តែច្រើន និងពង្រឹងសម្ព័ន្ធភាព” នៅក្នុងតំបន់។
លោក Esper បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអូស្ត្រាលី លោកស្រី Linda Reynolds កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគីរបស់ពួកគេ នៅក្នុងមន្ទីរបញ្ចកោណ។
រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក បន្ទាប់ពីបានចូលកាន់តំណែងនេះ គឺទៅកាន់ប្រទេសអូស្រ្តាលី ដោយសង្កត់ធ្ងន់ថា តំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក គឺជាតំបន់អាទិភាព សម្រាប់សហរដ្ឋអាមេរិក៕ ប្រែសម្រួលៈ ដើមអម្ពិល