ព័ត៌មានជាតិ

សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវលុបបំបាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការណែនាំដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវបន្តពង្រឹងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព» ដោយត្រូវលុបបំបាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ពិសេសតាមក្លឹបកម្សាន្ត និងទីតាំងសប្បាយដ្ឋាននានា។

តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ សម្ដេចធិបតី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមផ្សព្វផ្សាយ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករ និយោជិត និយោជក វិស័យឯកជន និងសាធារណជនទូទៅ ឲ្យបានយល់ដឹងស៊ីជម្រៅកាន់តែច្បាស់អំពីផលប៉ះពាល់ គ្រោះថ្នាក់ និងវិនាសកម្មនៃគ្រឿងញៀន ដោយ «ត្រូវនិយាយថាទេដាច់ខាតចំពោះគ្រឿងញៀន»។

សម្ដេចធិបតី បន្ដថា ត្រូវចូលរួមទាញយក និងប្រើប្រាស់ឲ្យបានទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីទទួលបានការអប់រំ ខ្លឹមសារមេរៀន ព័ត៌មាន សេវាព្យាបាល និងស្តារនីតិសម្បទា និងធ្វើការរាយការណ៍មកសមត្ថកិច្ចក្នុងករណីមានការប្រើប្រាស់ ឬចែកចាយគ្រឿងញៀនក្នុងសហគមន៍។

សម្ដេចធិបតី ក៏បានលើកទឹកចិត្តវិស័យឯកជនទាំងអស់ ចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាល លើការងារលើកកម្ពស់ ការផ្សព្វផ្សាយនិងអប់រំ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព។ ទន្ទឹមនឹងនេះ សម្ដេច ក៏បានណែនាំឲ្យបន្តអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង» និង «សម្អាតចកចេញពីផ្ទៃបឹង» ដោយត្រូវបង្កើន ការត្រួតពិនិត្យជាប្រចាំមន្ត្រីនៃក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានវិធានការម៉ឺងម៉ាត់ចំពោះការពាក់ព័ន្ធ នឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ទំនុកចិត្ត ប្រសិទ្ធភាពការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «គណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវបន្តពង្រឹងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព ដោយត្រូវលុបបំបាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ជាពិសេសតាមក្លឹបកម្សាន្ត និងទីតាំងសប្បាយដ្ឋាននានា ដោយត្រូវឈរលើស្មារតី ៣ កុំ និង ១រាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូរបន្ថយ និងត្រូវរាយការណ៍»។

ជាមួយគ្នានេះ សម្ដេច នាយករដ្ឋមន្ដ្រី បានលើកទឹកចិត្ត មាតាបិតា និងអាណាព្យាបាល ដែលមានសមាជិកគ្រួសារ ជាអ្នកញៀនគ្រឿងញៀន និងក្រសួង ស្ថាប័ន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានមន្ត្រីជាអ្នកញៀនគ្រឿងញៀន និងត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ឲ្យទៅទទួលការបន្សាប ព្យាបាល និងស្តារនីតិសម្បទា ដើម្បីមានឱកាសធ្វើសមាហរណកម្ម ចូលក្នុងសង្គមវិញ។ គណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងតួនាទី និងភារកិច្ចរបស់ខ្លួន ដោយអនុវត្តតាមភារកិច្ច និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិនឹងថ្នាក់ក្រោមជាតិ ដើម្បីម្ចាស់ការអនុវត្តតាមដែនសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់៕

To Top