ព័ត៌មានអន្តរជាតិ

អាមេរិកស្នើឱ្យវៀតណាម គាំទ្រអធិបតេយ្យភាព បូរណភាព ទឹកដីរបស់អ៊ុយក្រែន អំឡុងពេលទស្សនកិច្ចរបស់លោកពូទីន នៅហាណូយ

afp

បរទេស៖ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវដល់ប្រទេសវៀតណាមឱ្យគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរយៈពេលខ្លីរបស់ប្រធានាធិបតីរុស្ស៊ីដែលស្វែងរកការពង្រឹងសម្ព័ន្ធភាពប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Matthew Miller អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់ VOA ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ “យើងរំពឹងថា ប្រទេសណាក៏ដោយ នៅពេលដែលខ្លួនចូលរួមសន្ទនាជាមួយរដ្ឋាភិបាលរុស្ស៊ី និងជាពិសេសនៅពេលដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះ មេដឹកនាំមកពីរដ្ឋាភិបាលរុស្ស៊ី នឹងបញ្ជាក់យ៉ាងច្បាស់នូវការគោរពរបស់ពួកគេចំពោះគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងអធិបតេយ្យភាព និងបូរណភាពទឹកដី និង ហើយ​បង្ហាញ​ថា​គោលការណ៍​ទាំង​នោះ​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​នៅ​ទូទាំង​ពិភពលោក»។

ទន្ទឹមនឹងនោះ អ្នកការទូតកំពូលរបស់ក្រសួងការបរទេសសម្រាប់អាស៊ី កំពុងធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ដើម្បីបញ្ជាក់ទំនាក់ទំនងឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងវៀតណាមបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីកាលពីឆ្នាំមុន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា “ជំនួយការរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក Daniel J. Kritenbrink នឹងធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែមិថុនា”។

លោកនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកក្នុងការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិក និងវៀតណាម និងដើម្បីធ្វើការជាមួយវៀតណាមក្នុងការគាំទ្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។

យោងតាមលោក Miller បានឱ្យដឹងថា ការធ្វើដំណើររបស់ Kritenbrink ត្រូវបានគ្រោងទុក “មុនពេល” ដំណើរទស្សនកិច្ចរបស់លោក Putin ទៅកាន់ទីក្រុងហាណូយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top