ព័ត៌មានជាតិ

ក្រសួងឧស្សាហកម្ម ចង់ឱ្យក្រសួងព័ត៌មាន ផ្សាយអំពីអ្វីដែលប្រជាពលរដ្ឋមិនបានដឹងថា ខ្មែរអាចធ្វើបាន

ភ្នំពេញ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានលើកឡើងថា កន្លងមកនេះ នៅកម្ពុជាមានការរីកចម្រើនខ្លាំង ខាងខ្សែច្រវាក់ផលិតកម្ម ការនាំចំណេះធ្វើ ឧស្សាហកម្មបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាដែលមានលក្ខណៈ សមស្របនឹងទីផ្សារកម្ពុជា ប៉ុន្តែប្រជាជនយើងមិនដែលដឹងថាខ្មែរធ្វើបាន ដូចជាការផលិត Chips ដើម្បីផ្គត់ផ្គង់ដល់ក្រុមហ៊ុនធំៗ និងការដំឡើង ម៉ូតូទីគ្រឿងប្រើរយៈពេលតែ៣០វិនាទីជាដើម។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១មិថុនានេះ នៅទីស្តីការក្រសួងព៍ត៏មានឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ចង់អោយក្រសួងព័ត៏មានជួយផ្សព្វផ្សាយពីផលិតផលស្នាដៃខ្មែរ។

ទន្ទឹមនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងឧស្សាហកម្មចាប់ដៃសហការជាមួយក្រសួងព័ត៌មាន នៅពេលនេះ គឺផ្តោតលើការងារសំខាន់បីគឺ៖ ការផ្តល់ព័ត៏មានដល់ក្រសួងព័ត៌មានដើម្បី ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ, កិច្ចសហការក្នុងការផលិតមាតិកាព័ត៌មាន និងស្នើអោយក្រសួងព័ត៏មានជួយកសាងសមត្ថភាពមន្ត្រីព័ត៏មាន និងអ្នកនាំពាក្យ។ សមត្ថភាពដែលទទួលបានពីក្រសួងព័ត៌មាននេះ នឹងជួយអោយមន្ត្រីក្រសួងឧស្សាហកម្ម អាចផលិតជាបទយកការណ៍ ផ្សព្វផ្សាយអំពី ខ្សែច្រវាក់ផលិតកម្ម និងឧស្សាហកម្ម. ពីបចេ្ចកវិទ្យាទំនើប មានលក្ខណៈសមប្រសបទៅនឹងទីផ្សារកម្ពុជា ដើម្បីក្រសួងព័ត៌មានយកទៅផ្សព្វផ្សាយអោយទូលំទូលាយ ។

នៅក្នុងឱកាសនោះលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងនូវក្តីរីករាយ ក្នុងការចាប់ដៃគ្នាជាមួយនិង ក្រសួងឧស្សាហកម្ម ស្ថិតនៅក្រោមប្រព័ន្ធតួអង្គតែមួយ ដែលជាគោលការណ៍ដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជា គឺមានន័យថា ក្រសួងស្ថានប័នទាំងអស់ ធ្វើការងារបំពេញការងារអោយគ្នាទៅវិញទៅមក។

ទន្នឹមនេះ ក្រសួងព័ត៌មានត្រៀមខ្លួនជាសេ្រច ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីផលិតផលខ្មែរ កសាងជំនឿទុកចិត្តលើគុណភាព ដែលខ្មែរផលិតបាន។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ការធ្វើអនុស្សារណៈយោគយល់គ្នា រវាងក្រសួងព័ត៌មាន និងក្រសួងឧស្សាហកម្ម នេះ គឺដើម្បីឆ្លើយតបទៅនឹង ការផ្សាយព័ត៌មានកន្លងមកនៅមានកំរិត ដែលនាំអោយប្រជាពលរដ្ឋទទួលបានព័ត៌មានតិចតួច ជាហេតុធ្វើអោយប្រជាពលរដ្ឋ ទទួលបានព័ត៌មានមិនបានត្រឹមត្រូវ ហើយបន្ទាប់ពីការចាប់ដៃគ្នារវាងក្រសួងទាំងពីរ និងជួយ បង្កើនមាតិការព័ត៌មានថ្មីៗ ដែលជួយអោយប្រជាពលរដ្ឋស្វែងយល់អំពី បច្ចេកវិទ្យាថ្មីៗ ក្នុងផលិតកម្ម ផលិតផលថ្មីៗដែលខ្មែរ អាចធ្វើបាន និងចក្ខុវិស័យរបស់ក្រសួងឧស្សាហកម្ម។

ក្រោយចុះអនុស្សរណៈនេះ ក្រសួងឧស្សាហកម្ម មានភារកិច្ច បញ្ជូន និងផ្គត់ផ្គង់ឯកសារនិងខ្លឹមសារព័ត៏មានទៅក្រសួងព័ត៏មាន ហើយក្រសួងព័ត៏មាន មានភារកិច្ចផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានជ្រួតជ្រាប តាមប្រព័ន្ធផ្សព្វផ្សាយ ទីភ្នាក់ងារ អាកាប៉េ. ទូរទស្សន៍ជាតិទទក វិទ្យុជាតិអាអឹម៩១៨. វិទ្យុជាតិអេហ្វអឹម៩៦ និងអេបក្រសួងព័ត៏មាន។

សូមបញ្ជាក់ថា ការចុះអនុស្សរណៈជាមួយក្រសួងឧស្សាហកម្មនេះគឺ លើកទី៣ហើយដែលក្រសួងព័ត៏មានបានធ្វើឡើងជា មួយក្រសួងស្ថាប័នរដ្ឋ ដែលមុននេះ បានធ្វើជាមួយក្រសួងអធិការកិច្ច និងក្រសួងប្រៃសនីយ៍.ក្នុងកិច្ចប្រឹងប្រែងបង្កើនប្រភពព័ត៏មានអោយកាន់តែពីគ្រប់មជ្ឈដ្ឋាន ហើយផ្សព្វផ្សាយអោយកាន់តែទៅដល់គ្រប់ទិសទី៕

To Top