ព័ត៌មានជាតិ

ចាប់ខ្លួនជនដៃដល់ម្នាក់ យកសាំងចាក់ដុត សម្លាប់ជនជាតិចិន

ភ្នំពេញ ៖ កងកម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៅថ្ងៃ២១ មិថុនា បានដឹកនាំស្រាវជ្រាវបង្ក្រាប និងចាប់ខ្លួនបុរសជនជាតិខ្មែរម្នាក់ ដែលជាជនដៃដល់ បានយកសាំងចាក់ដុតសម្លាប់ជនជាតិចិន នៅសណ្ឋាគារ អន្ដរជាតិខេត្តព្រះសីហនុ ។

ហេតុការណ៍ចាក់សាំងដុតសម្លាប់ជនជាតិចិន បានកើតឡើងតាំងពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៤០នាទី ជាករណីឃាតកម្មគិតទុកមុន កើតឡើងនៅសណ្ឋាគារអន្តរជាតិ តាមបណ្ដោយផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។ ដោយជនសង្ស័យ បានធ្វើសកម្មភាពចាក់សាំងដុត ជនរងគ្រោះឈ្មោះ ZHANG GUANGLI ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសុមៈ ។ បន្ទាប់ពីធ្វើសកម្មភាពរួចជន សង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុ។

ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងនាយកដ្ឋានចុះដឹកនាំសហការស្រាវជ្រាវ។

កម្លាំងនាយកដ្ឋាន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការស្រាវជ្រាវ ជាមួយកម្លាំងជំនាញ របស់ស្នងការរដ្ឋាន នគរបាលខេត្តព្រះសីហនុ, ស្នងការរដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ និងស្នងការរដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង រហូតមកដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចបានធ្វើការបង្ក្រាបជាក់ស្ដែងឃាត់ខ្លួន បានជនសង្ស័យឈ្មោះ គៀន គន្ធា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុច ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាក់សាំងដុតជនរងគ្រោះបណ្តាលឲ្យស្លាប់ប្រាកដមែន ព្រោះខឹងជនរងគ្រោះមើលងាយខ្លួន ហើយបានបោកទូរស័ព្ទរបស់ខ្លួនចោល និងមិនព្រមបើប្រាក់ខែឲ្យ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ របស់នាយកដ្ឋាននគរបាលព្រហ្ម ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕

To Top