តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសចាំផ្ទះអ៊ីរ៉ង់ លោក Ali Bagheri Kani បានថ្កោលទោសការសម្រេចចិត្ត “បង្កហេតុ និងគ្មានការទទួលខុសត្រូវ” របស់រដ្ឋាភិបាលកាណាដា ក្នុងការចាត់តាំងអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ ជា “អង្គភាពភេរវករ” ។
លោកបានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលប្រតិកម្មទៅនឹងការប្រកាសកាលពីថ្ងៃពុធ ដោយរដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈកាណាដាលោក Dominic LeBlanc ថាប្រទេសរបស់លោកបានសម្រេចចិត្តចុះបញ្ជី IRGC ជា “ក្រុមភេរវករ” ។
លោក Bagheri Kani បានលើកឡើងថា ទង្វើរបស់ប្រទេសកាណាដា ក្នុងការចុះក្នុងបញ្ជីខ្មៅ IRGC ដែលជាផ្នែកសំខាន់មួយនៃកងកម្លាំងប្រដាប់អាវុធផ្លូវការរបស់អ៊ីរ៉ង់ គឺជា “ការញុះញង់” នៃគោលការណ៍ និងច្បាប់អន្តរជាតិ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះចំណាត់ការរបស់រដ្ឋាភិបាលកាណាដាថា “មិនធម្មតា និងគ្មានប្រាជ្ញា” ដោយថា ការសម្រេចចិត្តនេះ គឺជា “សកម្មភាពអរិភាពផ្ទុយនឹងច្បាប់អន្តរជាតិ ទាក់ទងនឹងសមភាពអធិបតេយ្យ និងមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋ”៕ ប្រែសម្រួល ឈូក បូរ៉ា