ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន មុនកិច្ចប្រជុំកំពូលអាស៊ានចាប់ផ្ដើម

ភ្នំពេញ៖ ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំកំពូលអាស៊ានលើក ទី៣៥ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលរួមកិច្ចប្រជុំលើក ទី២០របស់ក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់កម្ពុជាក៏ដូចជា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន។ នេះជាឱកាស របស់កម្ពុជាក្នុងការចូលរួម ពិភាក្សាដោះស្រាយបញ្ហា ដែលជាកង្វល់រួមរបស់អាស៊ាន និងពិភពលោក។ ស្របពេលនៃការចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នេះសម្ដេចតេជោ ហ៊ុន សែន នឹងមានជំនួប ទ្វេភាគីជាមួយ ថ្នាក់ដឹកនាំ និងឥស្សរជនសំខាន់ៗមកពីប្រទេស ជាសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនា អាស៊ានមួយចំនួនទៀតផង៕

To Top