តួកគី បដិសេធថា មិនមានវត្តមានយោធារបស់ខ្លួន ក្នុងអំឡុងពេលវាយប្រហាររបស់អ៊ីស្រាអែល លើមូលដ្ឋានទ័ពអាកាសស៊ីរី នោះទេ

អ៊ីស្តង់ប៊ុល៖ តួកគី បានច្រានចោលការចោទប្រកាន់អំពីវត្តមានយោធាតួកគី នៅមូលដ្ឋានទ័ពអាកាសស៊ីរី ដែលទើបតែត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
អ្នកនាំពាក្យក្រសួងការពារជាតិតួកគី Zeki Akturk បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “យើងបញ្ជាក់ថាមិនមានគណៈប្រតិភូយោធាតួកគីនៅមូលដ្ឋានមុន ឬអំឡុងពេលការវាយប្រហាររបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាស Abu al-Duhur របស់ស៊ីរីនោះទេ”។
ក្រសួងការពារជាតិតួកគី បានថ្កោលទោសការវាយប្រហារនេះ ដោយថាវាបានកំណត់គោលដៅទៅលើស្ថិរភាព សន្តិសុខ ឯកភាព បូរណភាពទឹកដី និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសស៊ីរី។
លោកបានលេីកឡេីងថា “អនាគតនៃតំបន់ គួរតែត្រូវបានបង្កើតឡើងមិនមែនលើការប្រើប្រាស់កម្លាំងឯកតោភាគីនោះទេ ប៉ុន្តែលើការយល់ដឹងអំពីសន្តិសុខដោយផ្អែកលើច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនានា”។
ដោយជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់ «ការវាយប្រហារដោយមិនប្រុងប្រយ័ត្ន» បែបនេះ និងគោរពតាមច្បាប់អន្តរជាតិ លោក បានបន្ថែមថា តួកគី នឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាអធិបតេយ្យភាពរបស់ប្រទេសស៊ីរី និងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពយោធារបស់ខ្លួន។
គួរបញ្ជាក់ថា អ៊ីស្រាអែល បានវាយប្រហារមូលដ្ឋានទ័ពអាកាស Abu al-Duhur នៅភាគពាយ័ព្យនៃប្រទេសស៊ីរី កាលពីថ្ងៃអង្គារ ដោយនិយាយថា ស៊ីរីកំពុងរៀបចំអនុញ្ញាតឱ្យកងកម្លាំងតួកគី ដាក់ពង្រាយនៅមូលដ្ឋានទ័ព ដែលជាចលនាមួយ ដែលអ៊ីស្រាអែលចាត់ទុកថា ជាការគំរាមកំហែង៕
ប្រែសម្រួល ឈូក បូរ៉ា








