ហ្សឺណែវ៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UN) ជាង៣០នាក់បានអំពាវនាវឱ្យរដ្ឋ និងក្រុមហ៊ុននានា បញ្ឈប់ការបញ្ជូនអាវុធ និងគ្រាប់រំសេវទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ។
ក្រុមអ្នកជំនាញបានលើកឡើងថា ការបញ្ជូនបែបនេះអាចជាការ រំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ និងហានិភ័យនៃភាពស្មុគស្មាញ របស់រដ្ឋនៅក្នុងឧក្រិដ្ឋកម្មអន្តរជាតិ ដែលអាចរាប់បញ្ចូលទាំង អំពើប្រល័យពូជសាសន៍ទៀតផង ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម អ្នករាយការណ៍ពិសេស អ្នកជំនាញឯករាជ្យ និងក្រុមការងារនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បានជំរុញឱ្យប្រទេស និងក្រុមហ៊ុនផលិតសព្វាវុធ បញ្ឈប់ការលក់ ផ្ទេរ និងការបង្វែរអាវុធ គ្រាប់បែក និងឧបករណ៍យោធាផ្សេងទៀត ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ទោះបីជាពួកគេត្រូវបានធ្វើឡើងក្រោម អាជ្ញាប័ណ្ណនាំចេញដែលមានស្រាប់ក៏ដោយ ។
ក្រុមហ៊ុនទាំងនេះ រួមមាន BAE Systems, Boeing, Caterpillar, General Dynamics និង ក្រុមហ៊ុនLockheed Martin ផងដែរ ។
ក្រុមអ្នកជំនាញបានឲ្យដឹងថា “ក្រុមហ៊ុនទាំងនេះតាមរយៈការបញ្ជូនសព្វាវុធ គ្រឿងបន្លាស់ សមាសធាតុ និងគ្រាប់រំសេវទៅឱ្យកងកម្លាំងអ៊ីស្រាអ៊ែល គឺជាការប្រថុយនឹងការជាប់ពាក់ព័ន្ធ ក្នុងការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ” ។
ការបញ្ចប់ការផ្ទេរត្រូវតែរាប់បញ្ចូល ទាំងការដែលធ្វើឡើងដោយប្រយោល តាមរយៈបណ្តាប្រទេសអន្តរការី ដែលទីបំផុតអាចប្រើប្រាស់ ដោយកងកម្លាំងអ៊ីស្រាអ៊ែល ជាពិសេសនៅក្នុងការវាយប្រហារ ដែលកំពុងបន្តទៅលើតំបន់ហ្គាហ្សា ។ ស្ថាប័នហិរញ្ញវត្ថុដែលវិនិយោគ នៅក្នុងក្រុមហ៊ុនសព្វាវុធទាំងនេះ បូក រួមទាំងធនាគារអាមេរិក ក្រុមហ៊ុន Capital Group និង JP Morgan Chase អាចត្រូវបានគេរាប់បញ្ចូលផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា