ព័ត៌មានជាតិ

លោក​​ ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូ​ក្រុម​ព័ត៌មាន​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​ចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ជូនទ្រី ក្នុងខេត្តបាត់ដំបង

នៅរសៀល​ថ្ងៃ​សៅរ៍​​ ១រោច​​ ខែ​ជេស្ឋ​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨​ ត្រូវនឹងថ្ងៃទី​​២២​ ខែ​មិថុនា​ ឆ្នាំ​២០២៤​នេះ​ ឯកលោក ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួងធនធាន​ទឹក​ និង​ឧតុនិយម​ អមដំណើរ​ដោយ​​​ឯកឧត្តម​ថ្នាក់ដឹកនាំ​ លោក​ លោកស្រី​ មន្ត្រីបច្ចេកទេស​ក្រសួង​​​ និង​មន្ទីរ​​ ព្រមទាំងឯកឧត្តម​ សុខ​ លូ​ ​អភិបាល​នៃគណៈអភិបាល​ខេត្ត​បាត់ដំបង​ និង​អាជ្ញាធរមូលដ្ឋាន​​ បានអញ្ជើញ​ដឹកនាំ​​គណៈប្រតិភូក្រុមការងារព័ត៌មានសម្តេចធិបតី​នាយករដ្ឋមន្ត្រី​ដឹកនាំដោយលោក​ គួច វែងស៊្រុន​ រដ្ឋលេខាធិការ​នៃទីស្តីការគណៈរដ្ឋមន្ត្រី​​ចុះពិនិត្យ​​វឌ្ឍនភាព​​គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី​ ក្នុងភូមិសាស្ត្រ​ស្រុក​រុក្ខគិរី​ ខេត្ត​បាត់ដំបង​​ ដែល​​​​ទទួលហិរញ្ញប្បទានសម្បទាន​ពី​សាធារណរដ្ឋកូរ៉េ​។​

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង មានទីតាំងស្ថិតនៅ​ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗរបស់គម្រោង​រួមមាន៖ ១)ទំនប់មេប្រវែង​ ៦៥៤ម៉ែត្រ ២)សំណង់បង្ហៀរធ្វើពីបេតុង​ប្រវែង​ ៤១៤ម៉ែត្រ និង​អាចដោះទឹក​បាន​​ ៨៥០​ម៉ែត្រត្រីគុណក្នុង​១វិនាទី​ ៣)រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង​ ​​៤៦២ម៉ែត្រ ៤)សំណង់​​គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ដែលមានទ្វារទឹកចំនួន៥​​ និងស្ពានសម្រាប់​​ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ និងទទឹង​ ៣ម៉ែត្រ​ ៥)ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រនិង​ទទឹង​ ​៧ម៉ែត្រ​ និង​ ៦)សំណង់ដោះទឹកចំនួន ៨កន្លែងនិងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។

បើតាមរបាយការណ៍របស់ក្រុមហ៊ុន​សាងសង់បានឱ្យដឹងថា​ ​​គិតមកដល់ខែមិថុនា ឆ្នាំ​២០២៤​នេះ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីសម្រេចបានប្រមាណ​ ៨០​ភាគរយ។

ក្នុងឱកាសនោះ​ លោក បានជម្រាបជូនគណៈប្រតិភូថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីជាប្រព័ន្ធធារាសាស្រ្តមួយដែលសាងសង់ប្រើប្រាស់វិធីសាស្រ្តថ្មីមិនធ្លាប់អនុវត្តពីមុនមក​​ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម​ របស់រាជ​​រដ្ឋាភិបាលកម្ពុជា​ ក្រោម​ការដឹកនាំប្រកប​ដោយភាពឈ្លាសវៃ​ និង​ប៉ិនប្រសប់​​របស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី​ និង​សម្តេចធិបតី​​នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​។

ជាមួយគ្នានេះ លោក បានថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពគម្រោងដែល​សម្រេចបាន​ ក្នុង​ការ​ជួយ​​ដោះស្រាយបញ្ហាទឹក កាត់បន្ថយ​ហានិភ័យគ្រោះធម្មជាតិ​ និងធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលវិស័យ​កសិកម្ម​​ វិស័យទឹកស្អាត​​សម្រាប់ការ​​​ប្រើប្រាស់ប្រចាំថ្ងៃនិងក្នុង​​ឧស្សាហកម្ម​ និង​បម្រើ​ដល់ពហុវិស័យ​​ ដែលជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

សូម​បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីត្រូវប្រើរយៈពេល​សាងសង់​ ៩០ខែ​ ដោយចាប់ផ្ដើម​​ការសាងសង់ក្នុង​ខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នាខែតុលា ឆ្នាំ២០២៥​ ខាងមុខ។ គម្រោងនេះគ្របដណ្តប់លើឃុំចំនួន ១១នៃស្រុក​មោងឫស្សី​ និង​ស្រុក​រុក្ខគិរី​​ ខេត្ត​បាត់ដំបង​ និង​ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​​​​ មានសក្តានុពលស្ដុកទឹក​បាន​ ១៦៣,១លានម៉ែត្រត្រីគុណ​ ​មានលទ្ធភាព​ផ្គត់ផ្គង់ទឹក​ស្រោចស្រព​​សម្រាប់បង្កើន​ផលិតផល​កសិកម្ម​ប្រមាណ​​ ៣៣០០០ហិកតា​នៅរដូវវស្សា​ និង​ ៤៥០០ហិកតា​នៅរដូវប្រាំង ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម​៕

To Top