ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីព័ត៌មាន ឲ្យបញ្ឈប់ការចែកចាយវិដេអូ ឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់គូដណ្តឹង១គូ

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាននារាត្រីថ្ងៃ២២ មិថុនានេះ បានឲ្យអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម រួមនឹងអ្នកផលិតមាតិកានិង MMO បញ្ឈប់ការចែកចាយវិដេអូ ឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់គូដណ្តឹង១គូកាលពីពេលថ្មីៗនេះ។

ការលើកឡើងរបស់លោកនេះ បន្ទាប់កាលពីប៉ុន្មាននាទីមុននេះ មានការលេចធ្លាយនូវឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ និងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ព្រមទាំងឃើញអង្គភាពសារព័តមានខ្លះបានផ្សព្វផ្សាយបន្ត។

ករណីនេះលោកគូសបញ្ជាក់ថា “ខ្ញុំសូមបងប្អូនអ្នកសារព័ត៌មានបញ្ឈប់ការចែកចាយផ្សព្វផ្សាយបន្ត និងស្នើដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់កុំចែករំលែកបន្តនូវរូបភាពដ៏សាហាវឃោរឃៅនេះ ខណៈក្រុមគ្រួសារសាច់ញាតិនៃប្អូនស្រីប្អូនប្រុសដែល បានស្លាប់ កំពុងកាន់មរណទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់កូនក្មួយជាទីស្រឡាញ់របស់ខ្លួន”។

លោកថា ការផ្សព្វផ្សាយពីរូបភាពនេះជាការកាន់តែធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គ្រួសារជនរងគ្រោះ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃជនរងគ្រោះ ហើយការផ្សព្វផ្សាយឃ្លីបវីដេអូនេះពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយគឺប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន៕

To Top