ភ្នំពេញ៖ ដោយឃើញមានសារព័ត៌មានមួយចំនួនធំ បានចេញផ្សាយមិនត្រឹមត្រូវនូវតួលេខ និងអង្គហេតុមួយចំនួនពាក់ព័ន្ធការប្រើប្រាស់លិខិតឆ្លងដែនរបស់កម្ពុជានៅលេីទឹកដីថៃ និងប្រតិបត្តិការរបស់អាជ្ញាធរថៃចំពោះអន្តោប្រវេសន៍មន្រ្តីជាន់ខ្ពស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កញ្ញា ឃុន ណៃហៀក បានពន្យល់ក្នុងន័យដេីមទាំងស្រុងថាសូមជម្រាបជូនដល់សាធារណជនតាមការចេញផ្សាយលើទំព័រហ្វេសបុករបស់នាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរថៃបានចុះត្រួតពិនិត្យការប្រើប្រាស់កម្លាំងពលកម្មបរទេសនៅតាមសហគ្រាសចំនួន ១ ៧៧៤កន្លែង ដែលប្រើប្រាស់ពលករបរទេសសរុបចំនួន ២៦ ១៨៩នា ក់ ក្នុងនោះពលករ កម្ពុជាចំនួន ៣ ៩៧១នាក់ មីយ៉ាន់ម៉ាចំនួន ២០ ១១១នាក់ ឡាវចំនួន ១ ៦៥៩នាក់ និងសញ្ជាតិផ្សេងៗចំនួន ៤៤៨នាក់។ ក្នុងប្រតិបត្តិការនោះអាជ្ញាធរថៃបានឃាត់ខ្លួនពលករបរទេសមិនមានឯកសារគ្រប់គ្រាន់ចំនួន ២៤០នាក់ ដែលក្នុងនោះមានពលករកម្ពុជាចំនួន ៨នាក់ មីយ៉ាន់ម៉ាចំនួន ១៩០នាក់ ឡាវចំនួន ៣៨នាក់ និងពលករសញ្ជាតិផ្សេងៗ ចំនួន ៤នាក់។
ដូច្នេះ សូមបងប្អូនគួរយល់បន្ថែមដែរថា «មានលិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD)/ប័ណ្ណព្រំដែន ឬលិខិតឆ្លងដែនដែលមានទិដ្ឋាការទេសចរណ៍ អាចឆ្លងដែនបានមែន ប៉ុន្តែមិនអាចធ្វើការងារស្របច្បាប់នៅប្រទេសថៃបាននោះទេ»។
ដើម្បីក្លាយជាពលករស្របច្បាប់ បងប្អូនត្រូវមានឯកសារ ដូចខាងក្រោម៖
- លិខិតឆ្លងដែន + ទិដ្ឋាការការងារ + ប័ណ្ណអនុញ្ញាតធ្វើការ ឬ
- លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) + ទិដ្ឋាការការងារ + ប័ណ្ណអនុញ្ញាតធ្វើការ ឬ
- ប័ណ្ណព្រំដែន+ ទិដ្ឋាការការងារ + ប័ណ្ណអនុញ្ញាតធ្វើការ
ដើម្បីបង្ការនូវការឆបោករបស់ជនខិលខូច ឬឆ្លងដែនរកការងារធ្វើនៅប្រទេសថៃ ដោយប្រើប្រាស់ឯកសារ មិនរៀបរយ សូមសាធារណជនសាកសួរព័ត៌មាន អំពីឱកាសការងារនៅបរទេសតាមរយៈ Hotline លេខ១២៨៦/១២៩៧៕