ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីបារាំងថា លោក Macron នឹងបន្តកាន់អំណាច ទោះជាលទ្ធផលនៃការបោះឆ្នោតសភា នឹងទៅជាយ៉ាងណាក៏ដោយ

RT News

នាយករដ្ឋមន្រ្តីបារាំងលោក Gabriel Attal បាននិយាយថា ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងបន្តកាន់អំណាច “ទោះជាលទ្ធផលនៃការបោះឆ្នោតសភា នឹងទៅជាយ៉ាងណាក៏ដោយ។ លោក Macron បានរំលាយរដ្ឋសភា ហើយបានប្រកាសការបោះឆ្នោតថ្មី សម្រាប់សភាជាន់ទាបរបស់ ប្រទេសបារាំងកាលពីពីរសប្តាហ៍មុន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងគណបក្ស Renaissance របស់លោក Macron ដែលទទួលរងការបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតសភាសហភាពអឺរ៉ុប ខណៈដែលគណបក្សស្តាំនិយម National Rally (RN) បានកើនឡើងសំឡេងគាំទ្រទ្វេដង។

ការបោះឆ្នោតជុំទី១ ដើម្បីជ្រើសរើសរដ្ឋាភិបាលថ្មី គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ដោយការបោះឆ្នោតលើកទី២ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា។

លោក Gabriel Attal បានប្រាប់កាសែត Le Parisien កាលពីថ្ងៃសៅរ៍ដោយអះអាងថា នឹងមាន “មុននិងក្រោយ” ការរំលាយរដ្ឋាភិបាលនៅថ្ងៃទី ៩ ខែមិថុនាថា “ប្រធានាធិបតីនឹងតែងតែនៅជាប្រធានាធិបតី ហើយសំណួរតែមួយគត់នៅតែបើកចំហគឺ តើអ្នកណានឹងក្លាយជានាយករដ្ឋមន្ត្រី ហើយភាគច្រើននឹងគ្រប់គ្រងអ្វី” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top