បរទេស៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងតេ បាននិយាយនៅថ្ងៃចន្ទថា ប្រទេសចិន “គ្មានសិទ្ធិដាក់ទណ្ឌកម្ម” ប្រជាជនតៃវ៉ាន់ចំពោះទស្សនៈ ឬការតស៊ូមតិរបស់ពួកគេទេ បន្ទាប់ពីទីក្រុងប៉េកាំង បានព្រមានទៅលើអ្នកគាំទ្រឯករាជ្យដែលរឹងទទឹងរបស់កោះនេះ អាចប្រឈមមុខ នឹងការកាត់ទោស ប្រហារជីវិត។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសចិនបានអះអាងថា កោះតៃវ៉ាន់ ប្រជាធិបតេយ្យជាផ្នែក នៃទឹកដីរបស់ខ្លួន ហើយបានបដិសេធក្នុងការច្រានចោល ការប្រើកម្លាំងដើម្បីយកកោះនេះមកក្រោមការគ្រប់គ្រងរបស់ខ្លួន។
ទីក្រុងប៉េកាំងបានបង្កើនសម្ពាធលើទីក្រុងតៃប៉ិក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងបានធ្វើសមយុទ្ធយោធានៅជុំវិញកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ មួយថ្ងៃបន្ទាប់ពីការចូលកាន់តំណែងរបស់លោក ឡៃ ឈឹងតេ កាលពីខែមុន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន រាយការណ៍ថា កាលពីថ្ងៃសុក្រ ទីក្រុងប៉េកាំង បានចេញ ផ្សាយគោលការណ៍ណែនាំថ្មី របស់តុលាការដែលរួមបញ្ចូល ការកាត់ទោសប្រហារជីវិតសម្រាប់ករណី “ធ្ងន់ធ្ងរជាពិសេស” ដែលពាក់ព័ន្ធនឹងអ្នកគាំទ្រ ឯករាជ្យដែលរឹងទទឹងរបស់កោះតៃវ៉ាន់។
នៅពេលសួរដើម្បីធ្វើអត្ថាធិប្បាយ លើគោលការណ៍ណែនាំនេះ លោក ឡៃ បាននិយាយថា «ខ្ញុំចង់បញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យ មិនមែនជាប្រភពនៃឧក្រិដ្ឋកម្មទេ, ការគ្រប់គ្រង បែបផ្ដាច់ការនិយម ទើបជាឧក្រិដ្ឋកម្ម»។ “ចិនគ្មានសិទ្ធិដាក់ទណ្ឌកម្មប្រជាជនតៃវ៉ាន់ ដោយសារអ្វីដែលពួកគេតស៊ូមតិនោះទេ ។ ចិនមិនមានសិទ្ធិបន្តការកាត់ទោស ប្រជាជនតៃវ៉ាន់ឆ្លងដែនទេ”។
លោក ឡៃ បានព្រមានថា ទំនាក់ទំនង រវាងភាគីទាំងពីរនឹងកាន់តែ “ដាច់ឆ្ងាយពីគ្នា” ប្រសិនបើប្រទេសចិនមិនព្រម “ប្រឈមមុខនឹងអត្ថិភាព នៃសាធារណៈរដ្ឋចិន (ឈ្មោះផ្លូវការរបស់តៃវ៉ាន់) ហើយធ្វើការផ្លាស់ប្តូរ និងការសន្ទនាជាមួយរដ្ឋាភិបាល ជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងស្របច្បាប់របស់តៃវ៉ាន់” ៕
ប្រែសម្រួលៈ ណៃ តុលា