នយោបាយ

ឯកសារចំនួន៤៤ នឹងពិនិត្យសម្រេច ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ

ភ្នំពេញ៖ លោក ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា ថ្នាក់ដឹកនាំអាស៊ាននឹងពិនិត្យសម្រេច ទៅលើឯកសារសរុបចំនួន៤៤ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងនោះ មានឯកសារ ចំនួន១៥ ដែលត្រូវអនុម័តជាឯកច្ឆន្ទ ឯកសារចំនួន ១៣ ត្រូវសម្រេចឱ្យចេញផ្សាយ និង ឯកសារចំនួន១១ ដែលមេដឹកនាំអាស៊ាន ត្រូវធ្វើការកត់សម្គាល់។ នេះបើយោងតាមAKP។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមជើងយន្តហោះពិសេស ដើម្បីទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមប្រធានបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» ដែលប្រព្រឹត្តទៅ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាការឆ្លើយ តបតាមការអញ្ជើញរបស់លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។

អញ្ជើញជូនដំណើរ គណៈប្រតិភូជាន់ខ្ពស់នៅ ឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងឥស្សរជនជាន់ខ្ពស់ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។ ដោយឡែកឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះផងដែរ។

លោក ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាន នៅព្រលានយន្តហោះ អន្ដរជាតិភ្នំពេញថា គណៈប្រតិភូអមដំណើរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ទីក្រុងបាងកក រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ ក្នុងឱកាសស្នាក់នៅប្រទេសថៃ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមួយចំនួន ដែលក្នុងនោះរួមមាន កិច្ចប្រជុំកំពូល អាស៊ានលើកទី៣៥ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦ កិច្ចប្រជុំ កំពូលអាស៊ាន- អង្គការសហប្រជាជាតិលើកទី១០ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២ កិច្ចប្រជុំ កំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៧ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៤ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២ និងកិច្ច ប្រជុំកំពូលភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយ ក្នុងតំបន់លើកទី៣។

ស្របពេលកិច្ចប្រជុំ កំពូលអាស៊ានលើក ទី៣៥ នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ និងកម្មវិធីមួយចំនួនផ្សេងទៀត ដូចជា ជំនួបរវាងប្រមុខរដ្ឋ រដ្ឋាភិបាលអាស៊ានបូកបី និងក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ី បូព៌ា អាហារថ្ងៃត្រង់ពិសេស ស្តីពីការ អភិវឌ្ឍប្រកប ដោយចីរភាព និងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១១ (អាហារការងារពេល ល្ងាច)។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏នឹងជួបពិភាក្សាការងារ ជាមួយនាយក រដ្ឋ មន្ត្រីចិននិងនាយករដ្ឋមន្ត្រីរុស្ស៊ី ហើយគ្រោងនឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និងឥស្សរជនមកពី ប្រទេស ជាសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនាអាស៊ានផងដែរ។ សម្តេចតេជោ នឹងអញ្ជើញចូលរួម កម្មវិធីអាហារការងារ ពេលព្រឹកជាមួយលោក ង្វៀន សួនហ៊ុក នាយករដ្ឋមន្រ្តីវៀតណាម និង លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ។

លោករដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ក៏បានបន្ដទៀតថា ចំពោះឯកសារ ដែលត្រូវអនុម័ត ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នោះ រួមមានឯកសារពាក់ព័ន្ធនឹងការប្រែប្រួល អាកាសធាតុសេចក្ដីថ្លែង ការណ៍ និងសេចក្ដីប្រកាស ដែលទាក់ទងនឹងការការពារកុមារ ដែលត្រូវកេងប្រវ័ញ្ច និងរំលោភបំពានតាម ប្រព័ន្ធអ៊ីនធឺណែត សិទ្ធិកុមារក្នុងបរិបទធ្វើចំណាកស្រុក និងជំរុញសិទ្ធិរបស់កុមារ ការជំរុញភាពជាដៃគូ ក្នុងវិស័យអប់រំ សម្រាប់ជំរុញកាអភិឌ្ឍ ដោយចីរភាពឆ្នាំ២០៣០។ បញ្ហាសន្តិសុខ ខាងផ្នែកវ៉ាក់សាំង សេចក្ដីថ្លែងការណ៍ស្ដីពីការ ពង្រឹងប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការផ្លាស់ប្ដូរ កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន សេចក្ដីថ្លែងការណ៍ កិច្ចសហប្រតិបត្តិការអាស៊ាននិងចិន លើគំនិតផ្ដួចផ្ដើមស្ដីពីការកសាង ទីក្រុងឆ្លាត សេចក្ដី ថ្លែងការណ៍អាស៊ាន និងចិន ស្ដីពីការរួមបញ្ចូល ផែនការមេលើគំនិតផ្ដួច ផ្ដើមខ្សែក្រវាត់ និងផ្លូវ។

សេចក្ដីថ្លែងការណ៍ របស់អាស៊ានបូកបី ស្ដីពីគំនិតផ្ដួចផ្ដើមនៃការតភ្ជាប់ សេចក្ដីថ្លែងការណ៍របស់ អាស៊ាននិងសហរដ្ឋអាមេរិក ស្ដីពីសន្តិសុខថាមពល សេចក្ដីថ្លែងការណ៍ របស់កិច្ចប្រជុំកំពូលអាសីបូព៌ា ស្ដីពីការរីក រាលដាលនៃគ្រឿងញៀនខុសច្បាប់ សេចក្ដីថ្លែងការណ៍ របស់មេដឹកនាំអាសីបូព៌ា ស្ដីពីការកិច្ចសហប្រតិបត្តិការ ក្នុងការ ប្រយុទ្ធ ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សេចក្ដីថ្លែងការណ៍របស់ មេដឹកនាំអាស៊ីបូព៌ា ស្ដីពីការអិវឌ្ឍ ប្រកប ដោយចីរភាព សេចក្ដីថ្លែងការណ៍រវាងអាសាន និងជប៉ុន ស្ដីពីការតភ្ជា ប់ជាពិសេសលើការ កសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពខ្ពស់។ ចំពោះបញ្ហាប្រឈម ដែលមេដឹកនាំអាស៊ាន នឹងលើយកមកពិភាក្សា រួមមានបញ្ហាឧបទ្វីបកូរ៉េ បញ្ហាជនភៀសខ្លួន រ៉ូហ៊ីនយ៉ា គំនិតផ្ដួចផ្ដើមនៃឥណ្ឌូ-ប៉ាស៊ីហ្វិក ការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាសមុទ្រ ចិនខាត្បូង និងបញ្ហាការចូលជាសមាជិកអាស៊ាន របស់ប្រទេសទីម័រ។ល។

គួរបញ្ជាក់ដែរថា គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គ្រោងនឹងធ្វើមាតុភូមិនិ វត្តន៍មកកាន់កម្ពុជាវិញ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩៕

To Top