បរទេស៖ មន្ត្រីរុស្ស៊ីបានរាយការណ៍ កាលពីថ្ងៃចន្ទថា អ៊ុយក្រែនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួន ៣០ គ្រឿងក្នុងការវាយប្រហារ នៅពេលយប់លើតំបន់ពីរ នៅជិតព្រំដែនរវាងប្រទេសទាំងពីរ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ២៩ គ្រឿងនៅលើតំបន់ Belgorod និងមួយគ្រឿងទៀតនៅលើទីក្រុង Voronezh ។
លោក Vyacheslav Gladkov អភិបាលប្រចាំតំបន់នៃទីក្រុង Belgorod បាននិយាយថា ការធ្លាក់កំទេចកំទីពីយន្តហោះគ្មានមនុស្សបើក បានធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស និងអគារខូចខាត។
Belgorod គឺជាគោលដៅញឹកញាប់ សម្រាប់ការវាយប្រហារ តាមអាកាសរបស់អ៊ុយក្រែន ជាមួយនឹងទីតាំងរបស់វានៅឆ្លងកាត់ព្រំដែន និងនៅជិតតំបន់ Kharkiv របស់អ៊ុយក្រែន ជាកន្លែងដែលកងកម្លាំងរុស្ស៊ី បានទទួលការវាយលុកក្នុងប៉ុន្មានខែថ្មីៗនេះ។
នៅទីក្រុង Voronezh អភិបាល Aleksandr Gusev បានរាយការណ៍ថា មានអគ្គីភ័យនៅកន្លែងឧស្សាហកម្ម ដែលបណ្តាលមកពីយន្តហោះគ្មាន មនុស្សបើកដែលបានធ្លាក់។ Gusev បាននិយាយថាមិនមានរបួសទេ ៕
ប្រែសម្រួលៈ ណៃ តុលា