ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា

ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងរៀបចំពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី២៥ មិថុនា នេះ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាល តែងតែប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជាក្នុងគោលបំណង រំឭកដល់ គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ចំពោះបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ពិសេសការគិតគូរយកចិត្តទុកដាក់ និងតបស្នង នូវគុណបំណាច់របស់អតីតយុទ្ធជនពីសំណាក់រាជរដ្ឋាភិបាល និងក្នុងគោលបំណងឱ្យអ្នកជំនាន់ក្រោយយក គម្រូតាមអតីតយុទ្ធជន ក្នុងការបន្តរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងបន្តឆន្ទៈមនសិការស្នេហាជាតិ៕

To Top