គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា ប្រទេសអ៊ុយក្រែនកំពុងរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយសហភាពអឺរ៉ុប នាពេលខាងមុខ។
លោក Kuleba ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារព័ត៌មានរបស់ក្រសួងការបរទេសអ៊ុយក្រែនថា “ការធានាឱ្យមានសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង សម្រាប់អ៊ុយក្រែន នឹងធានាសន្តិសុខរយៈពេលវែងរបស់អឺរ៉ុប និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ” ។
និយាយអំពីតម្រូវការយោធារបស់អ៊ុយក្រែន រដ្ឋមន្ត្រីរូបនេះ បានឲ្យដឹងថា ប្រទេសនេះ កំពុងត្រូវការប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត រួមទាំងប្រព័ន្ធការពារ Patriot និង SAMP/T នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Kuleba បានបន្ថែមទៀតថា ក្រៅពីនេះ អ៊ុយក្រែន ត្រូវការការផ្គត់ផ្គង់ឥតឈប់ឈរនៃមីស៊ីលការពារដែនអាកាស ប្រព័ន្ធកាំភ្លើងធំ និងគ្រាប់ផ្លោង មីស៊ីលរយៈចម្ងាយឆ្ងាយ យន្តហោះដ្រូន និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកផងដែរ។
កាលពីពាក់កណ្តាលខែមិថុនា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រកាសថា ទីក្រុងគៀវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខចំនួន ១៧ និងកំពុងរៀបចំចុះហត្ថលេខាចំនួន ១០ផ្សេងទៀត៕ ប្រែសម្រួល ឈូក បូរ៉ា