គែរ៖ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងកាលពីថ្ងៃអង្គារថា ការបិទច្រកឆ្លងកាត់ Rafah រវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្គាហ្សា បានរារាំងដល់ការជម្លៀសអ្នកជំងឺយ៉ាងហោចណាស់ចំនួន២.០០០នាក់ ដោយបានអំពាវនាវឱ្យផ្លូវតំបន់ Rafah និងផ្លូវផ្សេងទៀត ត្រូវបានបើកដំណើរការឡើងវិញ ។
លោក Rik Peeperkorn អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់ West Bank និងហ្គាហ្សសា បានលើកឡើងដូច្នេះ នៅមុនពេល បិទច្រកឆ្លងកាត់នេះ “អ្នកជំងឺធ្ងន់ធ្ងរ ប្រហែល៥០នាក់ ក្នុង១ថ្ងៃបានចាក ចេញពីតំបន់ហ្គាហ្សា … ដែលវាមានន័យថា គិតចាប់តាំងពីថ្ងៃទី៧ ខែឧសភា យ៉ាងហោចណាស់ មានមនុស្ស ចំនួន២.០០០នាក់មិនអាចចាកចេញពីតំបន់ហ្គាហ្សា ដើម្បីទទួលការថែទាំសុខភាពបាននោះទេ” ។
គួរបញ្ជាក់ថា ផ្លូវឆ្លងកាត់ Rafah គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់ សម្រាប់ការជម្លៀស ក៏ដូចជាជំនួយមនុស្សធម៌ ហើយកាលពីដំបូងឡើយ នៅក្នុងសង្គ្រាម ដែលបានចាប់ផ្តើមរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា ។ ច្រកផ្លូវនេះបានបិទនៅគ្រាដែលអ៊ីស្រាអ៊ែល បានចាប់ផ្តើមប្រតិបត្តិការ នៅលើតំបន់ស្ថិត នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា នៅក្នុងខែឧសភា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា