ព័ត៌មានជាតិ

សម្ដេចធិបតី ឲ្យបន្តប្រមូលទិន្នន័យពី ស្ថានភាពជីវភាពបញ្ហាប្រឈម និងតម្រូវការរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បន្តចុះប្រមូលទិន្នន័យអំពីស្ថានភាពជីវភាពបញ្ហាប្រឈម និងតម្រូវការរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ ដើម្បីបង្កើនប្រសិទ្ធភាពគាំពារ សុខមាលភាពរបស់ពួកគាត់។

ក្នុងពិធីអបអសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៤ នៅថ្ងៃទី២៦ មិថុនា សម្ដេចធិបតីបានថ្លែងថា «ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវជំរុញការបង្កើតគណៈកម្មការអភិវឌ្ឍសហគមន៍អតីតយុទ្ធជន ឃុំ-សង្កាត់ នៅតាមរាជធានី-ខេត្ត និង បន្តចុះប្រមូលទិន្នន័យអំពីស្ថានភាពជីវភាពបញ្ហាប្រឈម និងតម្រូវការរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ និងរៀបចំកម្មវិធីអភិវឌ្ឍន៍ សហគមន៍អតីតយុទ្ធជនឲ្យមានដំណើរការល្អ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់នូវសេវាគាំពារសុខមាលភាព អតីតយុទ្ធជនឲ្យកាន់តែល្អប្រសើរ»។

សម្ដេចធិបតីបន្ដថា ក្រសួងសង្គមកិច្ច ត្រូវបន្តអនុវត្តឲ្យបានល្អ និងមានប្រសិទ្ធភាព ក្នុងការបើកផ្តល់របបសន្តិសុខសង្គម សម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន និងប្រាក់ធានារ៉ាប់រងសង្គម, ប្រាក់ឧបត្ថម្ភបូជាសព និងប្រាក់ឧបត្ថម្ភមួយលើកតាមរយៈមូលនិធិជាតិ ជំនួយសង្គមនៅទូទាំងប្រទេស និងត្រូវខិតខំជំរុញការអនុវត្តគម្រោង សាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារដូចដែលបានបញ្ចូលក្នុងផែនការ វិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល។

សម្ដេចធិបតីបន្ថែមទៀតថា សមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ថ្នាក់ត្រូវបន្តពង្រឹង ពង្រីកសកម្មភាព តាមស្មារតីនៃសេចក្តីសម្រេចចិត្ត របស់មហាសន្និបាតតំណាងសមាគម អតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេសលើកទី២។ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបន្តធ្វើជាស្នូលក្នុងការលើក កម្ពស់តួនាទីអតីតយុទ្ធជនក្នុងសង្គម និងលើក ទឹកចិត្តឲ្យអតីតយុទ្ធជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងការចូលរួមឲ្យបានសកម្ម ក្នុងចលនាប្រឡងប្រណាំង៣ពូកែ ដើម្បីជាប្រយោជន៍ដល់ពួកគាត់និងប្រទេសជាតិ។

ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់អតីតយុទ្ធជន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រ ដល់គ្រួសារអតីតយុទ្ធជនជួបការលំបាក៕

To Top