បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួន អតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu និងអគ្គសេនាធិការបច្ចុប្បន្នរបស់ប្រទេសរុស្ស៊ី គឺលោក Valery Gerasimov ដោយលើកឡើងពីបទឧក្រិដ្ឋកម្មសង្គ្រាម ដែលបានប្រព្រឹត្តក្នុងអំឡុងពេលជម្លោះអ៊ុយក្រែន។ ទីក្រុងមូស្គូធ្លាប់បានច្រានចោល ការចោទប្រកាន់ស្រដៀងគ្នានេះ ដោយសង្កត់ធ្ងន់ថា ខ្លួនមិនទទួលស្គាល់យុត្តាធិការ របស់ស្ថាប័នអន្តរជាតិនេះឡើយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Shoigu បានបម្រើការជារដ្ឋមន្ត្រីការពារជាតិរុស្ស៊ីចន្លោះឆ្នាំ ២០១២ដល់ឆ្នាំ២០២៤ ដែលគ្របដណ្តប់រយៈពេលពីរឆ្នាំដំបូងនៃអរិភាព ដែលកំពុងបន្តជាមួយទីក្រុងគៀវ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្តូរលោកកាលពីខែមុន ជាមួយនឹងលោក Andrey Belousov ដោយបានតែងតាំងលោក Shoigu នូវតួនាទីជាលេខាធិការក្រុមប្រឹក្សាសន្តិសុខ។ លោក Gerasimov បានកាន់កាប់តំណែងរបស់លោកតាំងពីឆ្នាំ 2012 ហើយក៏បានដើរតួយ៉ាងសំខាន់ ក្នុងសកម្មភាពយោធារបស់ ទីក្រុងម៉ូស្គូប្រឆាំងនឹងអ៊ុយក្រែនផងដែរ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអង្គារ អង្គបុរេជំនុំជម្រះ II របស់ ICC បានចោទប្រកាន់ថា មន្ត្រីជាន់ខ្ពស់ទាំងពីររូបបានប្រព្រឹត្តឧក្រិដ្ឋកម្ម ជាក់លាក់រវាងខែតុលា ឆ្នាំ ២០២២ និងខែមីនា ឆ្នាំ ២០២៣ ។ សេចក្តីថ្លែងការណ៍បាននិយាយថា លោក Shoigu និង លោក Gerasimov ទាំងពីរត្រូវបានចោទប្រកាន់ថា ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្រ្គាម នៃការដឹកនាំការវាយប្រហារទៅលើជនស៊ីវិល និងឧក្រិដ្ឋកម្មសង្រ្គាមនៃការបង្កគ្រោះថ្នាក់ ដោយចៃដន្យហួសហេតុដល់ជនស៊ីវិល ឬការខូចខាតដល់វត្ថុស៊ីវិល និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៃអំពើអមនុស្សធម៌។ តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានអះអាងបន្ថែមទៀតថា “មានហេតុផលសមហេតុផលដើម្បីជឿថា ពួកគេទទួលខុសត្រូវព្រហ្មទណ្ឌបុគ្គល” ។
ក្នុងចំណោមការចោទប្រកាន់ផ្សេងទៀត ICC បានលើកឡើងពីការវាយប្រហាររបស់រុស្ស៊ី ដែលមានគោលដៅលើ រោងចក្រថាមពលអ៊ុយក្រែន ផងដែរ។
យោងតាមចៅក្រមរបស់ ICC “ការចោទប្រកាន់តាមអង្គហេតុសំខាន់ៗ ត្រូវបានគាំទ្រយ៉ាងត្រឹមត្រូវដោយភ័ស្តុតាង និងសម្ភារៈពាក់ព័ន្ធផ្សេងទៀត ដែលបានដាក់ជូនដោយរដ្ឋអាជ្ញា” ៕
ប្រែសម្រួលៈ ណៃ តុលា